ប្រធានអង្គការសុខភាពពិភពលោកជំរុញឱ្យមានការប្រយុទ្ធប្រឆាំងនឹងព័ត៌មាន មិនត្រឹមត្រូវអំពីករណីមេរោគឆ្លងកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានទទូចដល់ សហគមន៍ពិភពលោកឱ្យប្រឆាំងនឹងព័ត៌មានមិនពិត និងការសមគំនិតទាក់ទងនឹងការផ្ទុះឡើងនូវមេរោគឆ្លងកូរ៉ូណាវីរុស (2019-nCoV) នៅក្នុងប្រទេសចិន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីល្ងាចថ្ងៃសៅរ៍ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា «ប្រជាជនត្រូវតែមានសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវដើម្បីការពារខ្លួន និងអ្នកដទៃ»។

លោកបាននិយាយថា «នៅអង្គការសុខភាពពិភពលោក យើងមិនត្រឹមតែកំពុងប្រយុទ្ធប្រឆាំងនឹង វីរុសនោះទេ យើងថែមទាំង​កំពុងប្រយុទ្ធប្រឆាំងនឹងការប៉ះទង្គិច និងការលេងសើច និងសមគំនិត ដែលជំរុញឱ្យមានព័ត៌មានមិនត្រឹមត្រូវ នឹងបំផ្លាញការឆ្លើយតបនៃ​ការផ្ទុះឡើងនៃមេរោគនេះ»។

តាមសំដីរបស់លោក ផ្នែកទំនាក់ទំនងនៃអង្គការសុខភាពពិភពលោក និងក្រុមអ្នកគ្រប់គ្រងការរីករាលដាលនៃមេរោគនេះកំពុង​តាមដានព័ត៌មានមិនពិតជាច្រើនភាសា។

ក្រុមការងាររបស់អង្គការសុខភាពពិភពលោកកំពុងដោះស្រាយពាក្យចចាមអារាម «ដោយការបោះពុម្ភផ្សាយទេវកថា» និងការសំភាសន៍សួរសំណួរផ្ទាល់ជាមួយអ្នកជំនាញ – នៅលើគេហទំព័រ បណ្តាញសង្គម និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ»។

អង្គការពិភពលោកមួយនេះក៏កំពុងចូលរួមជាមួយម៉ាស៊ីនស្វែងរក និងគេហទំព័របណ្តាញសង្គមផងដែរ ដោយស្នើសុំឱ្យពួកគេ «ចាប់យកព័ត៌មានមិនពិត និងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវពីប្រភពដែលអាចជឿទុកចិត្តបាន ដូចជាប្រភពពីអង្គការសុខភាពពិភពលោក CDC និងប្រភពផ្សេងៗទៀត»។

និយាយអំពីការផ្តល់ហិរញ្ញប្បទានដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនេះ និងថវិកាចំនួន ៦៧៥លានដុល្លារអាម៉េរិក​ដែលស្នើដោយអង្គការសុខភាពពិភពលោកពីម្ចាស់ជំនួយសម្រាប់រយៈពេល ៣ខែខាងមុខ លោក Ghebreyesus បានថ្លែងអំណរគុណ​ដល់បណ្តាប្រទេសនានា និងមូលនិធិមួយចំនួនដែលបានត្រៀមថវិកានេះរួចហើយ។ ក្នុងចំណោមនោះ លោកបានលើកឡើងពី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងមូលនិធិ Bill & Melinda Gates៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)