ប្រទេសឥណ្ឌូណេស៊ីនឹងបញ្ឈប់ការនាំចេញឧស្ម័ន ទៅកាន់ប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូណេស៊ីបានសម្រេចចិត្តបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅ​កាន់ប្រទេសសិង្ហបុរីក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

លោក Fanshurullah Asa ប្រធានទីភ្នាក់ងារប្រេងកាត និងឧស្ម័ន (BPH Migas) នៃប្រទេស ឥណ្ឌូណេស៊ីបាននិយាយថា ការសម្រេចចិត្តនេះ គឺស្របទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Arifin Tasrif ដែលបានថ្លែង​ក្នុងពេលបើកសវនាការនៅឯសភាតំណាងកាលពីខែវិច្ឆិកា ឆ្នាំមុន អំពីផែនការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់រដ្ឋ។

លោកបានសម្តែងក្តីសង្ឃឹមថា ការសម្រេចចិត្តនេះនឹងបង្កើតតម្លៃបន្ថែមសម្រាប់ឧស្ម័នធម្មជាតិរបស់ប្រទេស និងកាត់បន្ថយឱន​ភាពពាណិជ្ជកម្មរបស់ខ្លួន ព្រោះការប្រើប្រាស់ឧស្ម័នអាចផ្លាស់ប្តូរទៅជាប្រេងឥន្ធនៈវិញបាន។

ការផ្គត់ផ្គង់ឧស្ម័ននឹងត្រូវបញ្ជូនទៅតាមបំពង់បញ្ជូន Dumai Duri ដើម្បីចែកចាយទៅតំបន់ឧស្សាហ-កម្មនៅស៊ូម៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាតំបន់សេដ្ឋកិច្ចពិសេស Sei Mangkei នៅស៊ូម៉ាត្រាភាគខាងជើងក្នុងចំណោមគោលដៅផ្សេងៗទៀត។

យោងតាមស្ថិតិរបស់ឥណ្ឌូណេស៊ីបានបង្ហាញថា ការនាំចេញប្រេង និងឧស្ម័នរបស់ប្រទេសនេះមានចំនួនសរុប ១៦៧,៥ប៊ីលាន ដុល្លារអាម៉េរិកកាលពីឆ្នាំមុន ដែលមានការធ្លាក់ចុះ ៦,៩៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)