ចំនួនអ្នកស្លាប់ដោយសារវីរុស Coronavirus នៅប្រទេសចិន មានចំនួន ៩០៨ករណីជាង៤០.០០០ករណី

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសឆ្លងវីរុសថ្មី (Coronavirus) មានដើមកំណើតនៅទីក្រុងវូហានរបស់ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ជាង ២៥ប្រទេសនៅជុំវិញពិភពលោក។

អាជ្ញាធរចិនបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានេះ នៅក្នុងប្រទេស​ចិនបានកើនឡើងដល់ ៩០៨នាក់ ដោយមានករណីឆ្លងវីរុសនេះចំនួនជាង ៤ម៉ឺននាក់។

កាលពីពេលមុននេះ គណៈកម្មាធិការសុខាភិបាលក្នុងតំបន់បានរាយការណ៍ថា ចំនួន​មនុស្សដែលបានស្លាប់ដោយសារជំងឺកូរ៉ូណានៅក្នុងខេត្តហ៊ូប៉ីប្រទេសចិន បានកើនឡើងដល់ ៨៧១នាក់ ដោយមានអ្នកឆ្លងជាង ២៩.៦០០នាក់។ អ្នកជំងឺ ១.៧៩៥នាក់ត្រូវបាន​រំសាយ​ចេញពីមន្ទីរពេទ្យ។

កាលពីថ្ងៃអាទិត្យ មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ២.៦១៨ករណី​ ត្រូវបានចុះបញ្ជីនៅ​ក្នុង​ខេត្តហ៊ូប៉ី ដែលក្នុងនោះមាន ១.៩២១នាក់ នៅវូហានដែលជាចំណុចកណ្តាលនៃ​ការផ្ទុះ​ឡើង​នេះ។ អ្នកស្លាប់ថ្មី ៩១នាក់ ត្រូវបានបន្ថែម ហើយចំនួន ៧៣នាក់ ​ក្នុងចំណោម​ពួកគេ​ទាំងនោះ នៅទីក្រុងវូហាន។

សេចក្តីថ្លែងការណ៍បាននិយាយថា គិតត្រឹមម៉ោង ២៤.00 ថ្ងៃត្រង់ ថ្ងៃទី៩ ខែកុម្ភៈឆ្នាំ ២០២០ ខេត្ត ហ៊ូប៉ីបានរាយការណ៍ថា មានករណីឆ្លងជំងឺរលាកសួតប្រភេទថ្មី(Coronavirus)  ចំនួន ២៩.៦៣១ករណី ក្នុងនោះមាន ១៦.៩០២ករណី នៅវូហាន។ អ្នកជំងឺ ២២.១៦០នាក់​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មនុស្ស ៧៣.១២៧ នាក់នៅតែស្ថិតក្រោមការឃ្លាំមើល​ផ្នែកវេជ្ជសាស្ត្រ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ខេត្តហ៊ូប៉ីបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៧៨០នាក់​ខណៈមនុស្ស ២៧.១០០ នាក់បានឆ្លងវីរុសថ្មី។

នៅខាងក្រៅប្រទេសចិនយ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ ត្រូវបានចុះឈ្មោះ​នៅ​ក្នុងប្រទេស ហ្វីលីពីន។

នាពេលថ្មីៗនេះ អាជ្ញាធរចិនបានកំណត់វីរុសថ្មីនេះដោយដាក់ឈ្មោះ​បណ្តោះអាសន្ន​ថា « Novel Coronavirus Pneumonia » (NCP)។ អង្គការសុខភាពពិភពលោកមិនទាន់​បាន​ដាក់ឈ្មោះជាអចិន្រ្តៃយ៍នៅឡើយទេ។

អង្គការសុខភាពពិភពលោក(WHO)បានប្រកាសអាសន្នសុខភាពពិភពលោក ជុំវិញការផ្ទុះឡើងនៃជំងឺនេះកាលពីសប្តាហ៍មុន៕

(ប្រភព Sputnik បកប្រែដោយ លោក មាស សំអុល   )