គណៈកម្មាធិការគណបក្សប្រជាជនខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ខែ កុម្ភះ ឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន   ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សប្រជាជនខេត្តប៉ៃលិន តាមមន្ទីរ អង្គភាព ក្រុង-ស្រុក ឃុំ-សង្កាត់សរុបប្រមាណ ៤២៥នាក់។

បន្ទាប់ពីឯកឧត្តម ចេង ញ៉ាន់ អនុប្រធានគណៈកម្មាធិកាគណបក្សខេត្ត បានអានឯកសារជំនួយស្មារតី ស្តីពីការតែងតាំងមុខតំណែងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងចំណុចកែសម្រួលនៃជំនួយស្មារតី ស្តីពីតួនាទី ភារកិច្ច និងរបៀបការងាររបស់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិកាគណបក្សខេត្ត បានផ្សព្វផ្សាយរបាយការណ៍សន្និបាត ដល់សមាជិក សមាជិការ គណបក្សនឹងបានជ្រួតជ្រាបអំពីខ្លឹមសារនៃលទ្ធផលសន្និបាតគណបក្ស អាណត្តិទី៥តាមរយៈការប្រតិបត្តិរបស់ខ្លួននាពេលកន្លងមកនិងអនុវត្តទិសដៅបន្តសំរាប់អាណាត្តិទី៦ ដើម្បីអនុវត្តន៍ការងារសមស្របនិងប្រសិទ្ធភាពខ្ពស់ រួចមក

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន   បានថ្លែងអំណរគុណ និងកោតសរសើរមន្រ្តីគណបក្ស ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់អង្គភាពជុំវិញខេត្តដែលបានប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន និងប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុង ពិសេសការចូលរួមគ្រប់គ្រងសភាពការណ៍រួម បានយ៉ាងល្អប្រសើរនៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខ័ណ្ឌកន្លងមក។ ឯកឧត្តម អ៊ី ឈាន ក៏បានលើកសរសើរដល់មន្រ្តីគណបក្សមានវ័យចំណាស់តាមមូលដ្ឋាន ដែលពួកគាត់តែងតែផ្ដល់ការចែករំលែកបទពិសោធន៍ល្អៗ ការទូន្មាន និងការអប់រំណែនាំដល់យុវជនគណបក្ស ដើម្បីឲ្យពួកគេបានបន្តភាពជោគជ័យរបស់គណបក្សទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមក៏បានជម្រុញដល់មន្រ្តីគណបក្សទាំងអស់ ពិនិត្យនូវពាក់ព័ន្ធនឹងចំណុចខ្លាំង និង ការប្រឈមនានា ដែលយើងត្រូវរួមគ្នាដោះស្រាយបន្តដើម្បីផលប្រយោជន៍ជាតិប្រជាជន និងបានផ្តាំផ្ញើដល់សមាជិក  សមាជិកា ដែលទទួលខុសត្រូវការងារនៅតាមអង្គភាព ដោយត្រូវរក្សាអព្យាក្រឹត្យភាពក្នុងនាមជាអ្នកដឹកនាំ និងគ្រប់គ្រង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមចំណែកសម្រេចអោយបានជោគជ័យតាមគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តមបានគូសបញ្ចាក់ថា ខ្លឹមសារនៃសន្និបាតគណបក្ស ជាត្រីវិស័យក្នុងការដឹកនាំចង្អុលបង្ហាញដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកការគ្រប់លំដាប់ថ្នាក់បានយល់ដឹងពីសមិទ្ធិផលដែលគណបក្សសម្រេចបាន សកម្មភាពបច្ចុប្បន្នក្នុងការងារបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាផែនការ និងទិសដៅនានាដែលត្រូវអនុវត្តបន្ត ដែលផ្តោតការយកចិត្តទុកដាក់ទៅលើយុទ្ធចតុកោណតំណាក់កាលទីបួន ហើយតម្លៃនៃសន្តិភាព ស្ថេរភាពសង្គម គឺជាស្នូលនៃការគាំទ្រនូវយុទ្ធសាស្រ្តកំណើន ការងារ សមធម៌  និងប្រសិទ្ធិភាព ដែលអាចឈានឆ្ពោះទៅការនាំសេដ្ឋកិច្ចកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទលោក កុល កាយណា