អាជ្ញាធរខេត្តប៉ៃលិនចុះរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ហាងលក់ដូរ ខ្យុះ នៅតំបន់រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំយ៉ាត

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អបដំណើដោយលោក ស៊ុនយី អភិបាលក្រុងប៉ៃលិន និងមន្ទីរអង្គភាពជំនាញនៅជុំវិញខេត្តបានអញ្ជើញចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ តូបលក់ដូរ ហាងលក់ដូរ ខ្យុះ នៅតំបន់រម្មណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំយ៉ាត នៅចំនុចសួនអាពាហ៍ពិពាហ៍ ដើម្បីសោភ័ណភាព អនាម័យ បរិស្ថានល្អ ជាទីកន្លែងលំហែកាយ ហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងកម្សាន្តក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យទាន ឬថ្ងៃឈប់សម្រាក។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។ ឯកឧត្តម ផាន់ ចាន់ធុល បានបន្ថែមថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអរបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ តំបន់ រម្មណីយដ្ឋានទេសចរណ៍នានា នៅទូទាំងខេត្តប៉ៃលិន ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ លើផ្នែកអនាម័យបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ជាក់ស្តែងពេលនេះ រដ្ឋបាលខេត្តនិងមន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ចុះមករៀបចំ សណ្តាប់ធ្នាប់តូបលក់ដូរ ហាងលក់ដូរ និងខ្យុះ នៅរម្មណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំយ៉ាត មានគោលបំណងសំខាន់ៗ រួមមាន៖ ទី១-បង្កើនសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈក្នុងខេត្ត ទី២-ចង់ឱ្យបងប្អូនប្រជាពលរដ្ឋបង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រឡាញ់បរិស្ថាន។ ទី៣- ចង់អោយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់តូបលក់ដូរ ហាងលក់ដូរ និងខ្យុះ មិនត្រូវសាងសង់សំណង់រឹងនឹងការស្នាក់នៅជាអចិន្ត្រៃយ៍ធ្វើអោយខូចសណ្តាប់ធ្នាប់ របៀបរៀបរយ អសន្តិសុខ នៅតំបន់បេតិកណ្ឌបានឡើយ។ ទី៤៖ ការលក់ដូរផ្សេងៗនៅតំបន់រមណីយដ្ឋានប្រវត្តិសាសធម្មជាតិភ្នំយ៉ាត ត្រូវមានការអនុញ្ញាតិ ការគ្រប់គ្រងច្បាស់លាស់ និងច្បាប់ទំលាប់ត្រឹមត្រូវ។ និង ទី៥៖ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករ ដែលប្រកបអាជីវកម្ម របស់ខ្លួននៅតំបន់ រម្មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិភ្នំយ៉ាត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ដើម្បីចូលរួមចំណែកលើកកម្ពស់ សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជាប្រជាពលរដ្ឋល្អផងដែរ។
គួរបញ្ជាក់ផងថា៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិនបានជូនដំណឹងដល់អ្នកលក់ដូរដែលជាម្ចាស់តូបលក់ដូរ ម្ចាស់ហាង និងខ្យុះ ដែលនៅតំបន់រម្មណីយដ្ឋានភ្នំយ៉ាត ចំណុចសួនអាពាហ៏ពិពាហ៍ ត្រូវរើរុះរាល់សំណង់រឹង ខ្យុះលក់ដូរ បង្គន់ ដែលសាងសង់គ្មានច្បាប់អនុញ្ញាតិនិងការទទួលស្គាល់ពីរដ្ឋបាលខេត្តអោយបានមុនថ្ងៃទី៣០ ខែកុម្ភះ ឆ្នាំ២០២០ ដែលមានរយះពេល ២០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងសម្រាប់រើរុះដោយខ្លួនឯង ហើយបើផុតរយះពេលជូនដំណឹងនេះរដ្ឋបាលខេត្តនឹងអនុវត្តច្បាប់រដ្ឋបាលនឹងត្រូវចុះរើរុះដោយឥតលក្ខ ខណ្ឌ។
អត្ថទបលោក កុល កាយណា