គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយជំរុញការត្រួតពិនិត្យផលិតផលលក់តាមអនឡាញ

វិទ្យុជាតិកម្ពុជា៖
MC: គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយជំរុញការត្រួតពិនិត្យផលិតផលលក់តាមអនឡាញ សំដៅទប់ស្កាត់ការចរាចរណ៍ផលិតផលក្លែងក្លាយ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និងជាប្រធាន គណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យផលិតផលឲ្យបានម៉ត់ចត់ ចំពោះអ្នករកស៊ីតាមអនឡាញក៏ ដូចជា រកស៊ីចែកចាយផលិតផលផ្សេងៗនៅតាមគេហដ្ឋាន។
ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសហព័ន្ធវិនិយោគិនកម្ពុជាឯកឧត្តមបានពន្យល់ថា ចំពោះអ្នករកស៊ីចុះបញ្ជីការត្រឹមត្រូវនៅក្រសួងត្រូវពិនិត្យឲ្យបានម៉ត់ចត់រួចរាល់ មុនយកលទ្ធផលទាំងឡាយមកលក់ចែកចាយលើកម្ពុជា ។ ចំណុចនេះ គឺដើម្បីធ្វើយ៉ាងណាការពារផលិតផលក្លែងក្លាយនិងផលិតខូចគុណភាពដែលធ្វើដល់អ្នក។
រាជរដ្ឋាភិបាលកម្ពុជា តែងបានធ្វើការកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ បន្ទាប់ពីរឹបអូសបានក្នុងពេលធ្វើចរាចរណ៍នៅលើទីផ្សារ។ ការកម្ទេចចោលនេះ គឺអនុវត្តតាមការបង្គាប់របស់តុលាការ។
ឯកឧត្តម បន្តថា ដរាបណាសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខុមាលភាព និងសុវត្ថិភាពសង្គមនៅតែបន្ត ដរាបនោះគណៈកម្មាធិការ នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោល ដោយមិនមានការលើកលែង រឺក៏បន្ធូរបន្ថយជាដាច់ខាត។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ តែងតែអំពាវនាវដល់សាធារណជនចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិតចែកចាយ ផលតផលក្លែងក្លាយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីឈានទៅធ្វើការបង្រ្កាបឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ វ៉ាង ភក្តី