សម្ដេចតេជោហ៊ុនសែនជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋឡាវនៅវិមានសន្តិភាព

វិទ្យុជាតិកមកពុជា៖ លោជៀង យ៉ារ៉េត

កាលពីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គ លេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេ យ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។
ឯកឧត្តមប្រធានរដ្ឋឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តមប្រធានរដ្ឋឡាវ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីជាន់ខ្ពស់កម្ពុជា គឺសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង និង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប៊ុនញ៉ាំង វរជីត បានចូលគាល់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ បន្ថែមពីនេះ ល៊ឯកឧត្តមបានជួបជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជនទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត៕