លោកកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ចូលរួមបុណ្យមាឃបូជា នៅវត្តខែលជ័យ ស្រុកកំពង់សៀម

វិទ្យុជាតិកម្ពុជា ដោយលោក ចិន សារ៉ាត់ ខេត្តកំពង់ចាម

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី អភិវឌ្ឍខេត្តកំពង់ចាម រួមដំណើរជាមួយ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត លោកជំទាវ ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលក្នុងពិធីបុណ្យមាឃបូជា នៅវត្តខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃពេញបូរណ៍មី ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ។
យោងតាមការសន្និដ្ឋាន បុណ្យមាឃបូជា ទំនងគេផ្ដើមឡើងក្នុងពុទ្ធសរាជ ១៣៩៧ ពីព្រោះថា បុណ្យមាឃបូជា និងបុណ្យពិសាខបូជា គឺជាបុណ្យរំលឹកថ្ងៃខួប នៃមហាភិលក្ខិតសម័យកាលធំៗ របស់ព្រះសមណគោមដ្ដម ដែលជាសាស្ត្រាចារ្យ នៃមនុស្ស ទេវតាទាំងឡាយ ។ ទន្ទឹមនឹងនោះដែរ ជាទម្លាប់ពុទ្ធសាសណិកខ្មែរ ភាគច្រើនឲ្យតែ ដល់បុណ្យ មាឃបូជាមកម្ដងៗ តែងតែនាំគ្នារៀបចំចាត់ចែង ទុកដាក់សម្អាត នៅតាមទីវត្តអារាម នៅទូទាំងប្រទេស ដោយដោតទង់ជាតិ ទង់សាសនា ព្រះបទ ព្រះពុទ្ធរូបព្រះក្យមុនីចេតីយ៍ ព្រះសារិកធាតុ ព្រះសម្មា សម្ពុទ្ធ និងគ្រឿងប្រដាប់ប្រដាបូជា មានប្រទីបជ្វាលា ទានធូប កម្រងផ្កា គ្រឿងក្រអូបឈ្ងុយឈ្ងប់ផ្សេងៗទៀត សម្រិតសម្រាំងល្អឥតខ្ចោះ ដើម្បី ត្រៀមរៀបចំពិធីបុណ្យនេះឡើង ។
ពិធីបុណ្យមាឃបូជានេះ ធ្វើឡើង ដើម្បី ប្រារព្ធនូវព្រឹត្តិការណ៍ ៣យ៉ាង គឺ ៖
ទី១.ប្រារព្ធថ្ងៃដែលព្រះអង្គធ្វើចតុរង្គ សន្និបាតប្រកបដោយអង្គ ៤ របស់ព្រះអរហន្តទាំង ១.២៤០អង្គ ។
ទី២.ប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ និងទី៣.ប្រារព្ធថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ នៃយើង ទ្រង់ដាក់ព្រះអាយុសង្ខារ របស់ព្រះអង្គ មុន ៣ខែ ដែលព្រះអង្គចូលបរិនិព្វាន ។
នាឱកាសនោះដែរ លោកកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី អភិវឌ្ឍ និងសហការី ក៏បានអញ្ជើញចូលរួមបច្ច័យកសាង ដល់វត្តខែលជ័យ នូវថវិកាចំនួន ២.៤៤៤.៤០០រៀល ផងដែរ ៕