ប្រធានាធិបតីឡាវបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅកម្ពុជាដើម្បីរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

វិទ្យុជាតិកម្ពុជា​៖

ឯកឧត្តម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តមប្រធានាធិបតីឡាវ បានទទួល ស្វាគមន៍ យ៉ាងកក់ក្តៅពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីនោះ ឯកឧត្តម នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រសួងការបរទេសបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា នេះជាទស្សនកិច្ចផ្លូវរដ្ឋលើកទី២ហើយរបស់ឯកឧត្តម ប៊ុនញ៉ាំង វរជីត ក្នុងតំណែងជាប្រធានាធិបតីឡាវ មកកាន់ប្រទេសកម្ពុជា ដែល កាលពីទស្សនកិច្ចផ្លូវរដ្ឋជាលើកទី១កាលពីខែកុម្ភៈ ឆ្នាំ២០១៧៕