សមិទ្ធផលជាច្រើននៅវត្តពាមជីកងបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅថ្ងៃ៨ ខែកុម្ភៈនេះ

វិទ្យុជាតិកម្ពុជា៖លោកស្រី ទុយ សូលីដា
MC៖ សមិទ្ធផលជាច្រើននៅក្នុងវត្តនទីមង្គលារាម ហៅវត្តពាមជីកង ស្ថិតក្នុងឃុំ ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ
ដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ។
ពុទ្ធបរិស័ទចំណុះជើងវត្តនិងមកពីតាមបណ្តារាជធានីខេត្តយ៉ាងច្រើនកុះករបានអញ្ជើញ ចូលរួមសម្ពោធសមិទ្ធផលជាច្រើននៅក្នុងទីអារ៉ាមវត្ត នទីមង្គលា រាម ហៅ វត្តពាមជីកង នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមនៅព្រឹកថ្ងៃសៅរ៍ទី៨ ខែកុម្ភៈនេះ រួមមាន ឧប្បដ្ឋានសាលា ផ្លូវបេតុង រូបចម្លាក់ ឆ្នាំទាំង១២ សួនច្បារនិងជណ្ដើរកែវ ដែលជាសមិទ្ធផលថ្មីៗទើបនឹងកសាងរួចនាឆ្នាំកន្លងមកនេះ។សមិទ្ធផលទាំងនេះត្រូវបានកសាងដោយពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជនជាតិ អន្តរជាតិនិងមានការចូលរួមពីក្រុមគ្រួសារ ឧបាសក លី ងួនកៅ និងឧបាសិកាស៊្រុន មីន ព្រមទំាងកូនចៅ ដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគោរពបូជាតាមគន្លងព្រះពុទ្ធសាសនា។
ក្នុងឱកាសពិធីសម្ពោធឆ្លងដ៏មហោឡារឹកនោះលោកភោគ សាវុធ អភិបាលស្រុកកងមាស ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទក្នុងការសាងសង់សមិទ្ធផលទាំងនេះ បានធ្វើអោយទីអារ៉ាមនេះកាន់តែមានភាពរីកចំរើន ដែលបំរើបានផលប្រយោជន៍ពុទ្ធបរិស័ទ និងព្រះសង្ឃគ្រប់ព្រះអង្គ។

លោកអភិបាលស្រុកបញ្ជាក់ថា ការរីកចំរើននៃវិស័យពុទ្ធចក្រ ក៏ដូចជាទីអារ៉ាមវត្តពាមជីកងនេះ គឺដោយសារតែកត្តាសុខសន្ដិភាព និងភាពសប្បូសប្បាយ ក្រោមការដឹកនាំប្រដោយកិត្តិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាព អាចរកប្រាក់ចំណូល និងមានប្រាក់ឧបត្ថម្ភ សំរាប់កសាងសមិទ្ឋផលនានាជាច្រើននៅក្នុងវត្តពាមជីកងនេះ សំរាប់ទុកឲ្យពុទ្ធបរិស័ទជិតឆ្ងាយប្រើប្រាស់។
ព្រះតេជគុណបញ្ញតិ សីលមង្គលោ ក្រូច សុខ ព្រះចៅអធិការវត្តពាមជីកងបានមានសង្ឃដីការឲ្យដឹងថា ឧប្បដ្ឋានសាលាដែលទើបនឹងសាងសង់រួចនេះមានទំហំ១២ម៉ែត្រ គុណនឹង២២ម៉ែត្រ កម្ពស់២ជាន់ មានលក្ខណៈធំទូលាយដែលបំរើផលប្រយោជន៍ខ្លំាងសំរាប់ លោកតា លោកយាយ មកសំណាក់ធម៌ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋបានជួបជុំគ្នាធ្វើបុណ្យទាន កសាងនូវអំពើល្អ ពិសេសជាកន្លែងសំរាប់ជនទីទាល់ក្រ ជនអនាថាបានស្នាក់អាស្រ័យផងដែរ។
ចំណែកផ្លូវថ្នល់វិញគឺបានបំរើអោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ ព្រោះផ្លូវនៅក្រៅវត្ត ។រីឯសួនច្បារជណ្ដើរកែវបានក្លាយទៅជារមណីយដ្ឋានមួយដែលជាប់និងមាត់ទន្លេ បានធ្វើអោយទីអារ៉ាមនេះកាន់តែមានសោភ័ណភាពស្រស់ស្អាត។
ពុទ្ធបរិស័ទចំណុះជើងវត្តពាមជីកងទំាងអស់បានសម្តែងអារម្មណ៍សប្បាយរីករាយសាទរ ចំពោះសមិទ្ធផលនានានៅក្នុងទីអារ៉ាមនេះ ព្រោះបានបំរើផលប្រយោជន៍ពិតប្រាកដរបស់ពុទ្ធ ស័ទមានកន្លែងគោរពបូជាត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា ពិសេសធ្វើឲ្យទីអារ៉ាមនេះកាន់តែ មានសោភ័ណភាពស្រស់ស្អាត។
សូមបញ្ជាក់ថា វត្តនទឹមង្គលារាម ហៅ វត្តពាមជីកង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ពាមជីកង ឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាមត្រូវបានកសាងឡើងរហូតដល់ពេលនេះអស់រយៈពេលជិត២០០ឆ្នាំមកហើយ ហើយចំពោះសមិទ្ធផលថ្មីៗដែលត្រូវធ្វើបុណ្យឆ្លងនាពេលនេះ បានចំណាយថវិកាប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕