ឯកឧត្តម ខៀវ កាញារីទ្ធនិងលោកជំទាវសម្ពោធឆ្លងខឿនដើមពោធិ៍ និងឈាបដ្ឋាននៅ វត្ត ថ្មគរ ស្រុកល្វាឯម ខេត្ត កណ្តាល

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង លោកជំទាវ ទេព រង្ស៊ី បានអញ្ជើញជាអធិបតី ក្នុងពិធី បុណ្យមាឃបូជា និងសម្ពោធ ឆ្លងខឿន ដើមពោធិ៍ និង ឈាបដ្ឋាន នៅវត្ត ថ្មគរ ស្ថិតក្នុង ឃុំ ថ្មគរ ស្រុកល្វាឯម ខេត្ត កណ្តាល នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរួមចំណែកលើកកម្ពស់វិស័យ ពុទ្ធចក្រ ក្នុងទីអារាម បានកាន់តែរីកចំរើន ពិសេសធ្វើអោយ វិស័យពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ បានកាន់តែរីកចំរើន ថ្កុងថ្កើងរុងរឿង តទៅមុខទៀត។
ក្នុងពិធីបុណ្យឆ្លងនេះផ្តួចផ្តើមឡើងដោយ លោកយាយសិលវត្តី ពេន យុត ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំង ក្រុមគ្រួសារ ហើយក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបង្ហាញពីការថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរយើង។
ពិធីបុណ្យមាឃបូជា ឆ្លងខឿន ដើមពោធ៏ និងឈាបដ្ឋាន វត្តថ្មគរ បានប្រព្រឹត្តទៅតាម គន្លងប្រពៃណីព្រះពុទ្ធសាសនាយ៉ាងមហោឡារឹក និងមានពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករ។
ខឿនដើមពោធិ៍ បានរៀបចំកសាងឡើងយ៉ាងស្រស់ស្អាត ពទ្ធ័ជុំវិញដើមពោធិ៍ព្រឹក ដែលមានម្លប់ដ៏ត្រជាក់ ស្ថិតនៅខាងក្រោយព្រះវិហារ វត្តថ្មគរ។ ជាការរំលឹកដែរថា សមិទ្ធិផលនានាជាច្រើនក្នុង ទីអារាមវត្តថ្មគរនេះ បានកើតចេញជារូបរាងដ៏ស្រស់ស្អាត និងសក្តិសមជាកន្លែងទីសក្ការៈ បូជា របស់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិទ្ធចំណុះជើងវត្តជិតឆ្ងាយ គឺដោយសារការចូលរួមចំណែកបរិច្ចាកនូវធនធានផ្ទាល់ខ្លួន របស់លោកយាយសិលវត្តី ពេន យុត ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ីព្រមទាំងក្រុមគ្រួសារ ជាពិសេសបានចូលរួមកសាងនូវព្រះវិហារ វត្តថ្មគរ បានហើយរួចរាល់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤។
នៅក្នុងឱកាសនោះ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត អាជ្ញាធរដែនដី រួមទាំងបងប្អូន ប្រជាពលរដ្ឋចំណុះជើងវត្ត ថ្មគរ បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកយាយសិលវត្តី ពេន យុត ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងបានចូលរួមចំណែកនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកកសាងនូសមិទ្ធិផលនានាជាច្រើនក្នុងទីអារាម វត្តថ្មគរ សំដៅចូលរួម ចំណែកលើកកម្ពស់វិស័យ ពុទ្ធចក្រ ក្នុងទីអារាម បានកាន់តែរីកចំរើន ពិសេសធ្វើអោយ វិស័យពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ និងជាការថែរក្សាទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនាអោយបានគង់វង្ស។ បន្ទាប់ពីពិធី ឆ្លងទីអសនៈ ព្រះពោធិ៍ព្រឹក រួចមក លោកយាយសិលវត្តី ពេន យុត ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋ ចំណុះជើងវត្តជិតឆ្ងាយ បានប្រារព្ធពិធី រាប់បាត ព្រះសង្ឃ ចំនួន១២៥អង្គ ក្នុងឱកាសនៃពិធីបុណ្យមាឃបូជា ។
នៅក្នុងឱកាសនោះដែរ លោកយាយសិលវត្តី ពេន យុត ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី និងក្រុមគ្រួសារ បាននាំយកនូវថវិកា ចែកជូនដល់ ក្រុមប្រឹក្សា ឃុំ ថ្មគរ ចំនួន ៨នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល ប្រជាការពារភូមិ ១៩ នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល នគរបាល ឃុំ ថ្មគរ ៨នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ១០នាក់ ក្នុងម្នាក់ ៥ម៉ឺន រៀល សិស្សានុសិស្ស ១៨០នាក់ ទទួលបានសំភារះសិក្សា និងថវិកាផងដែរ។ ជាមួយនេះបានឧត្តម្ភថវិកា ចំនួន ១ពាន់ដុល្លាដល់ក្រុមល្ខោនបាសាក់ ដែលមកសំដែង ក្នុងពិធីបុណ្យនាពេលរាត្រី នោះដែរ ។
សូមបញ្ជក់ថា បុណ្យមាឃបូជា ឆ្នាំនេះត្រូវនឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុង ព្រះពុទ្ធសាសនា ដែលជា សាសនា របស់ រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គ ចំនួន៩ខែគត់។ ព្រះពុទ្ធសាសនា មិនត្រឹមតែបាន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានរួមចំណែក យ៉ាង សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង៕