ឧស្សាហកម្មធូរេនរបស់ម៉ាឡេស៊ីធ្លាក់ចុះដោយសារមិនមានតម្រូវការពីប្រទេសចិន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
តម្លៃធូរេនរបស់ម៉ាឡេស៊ីបានធ្លាក់ចុះក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះដោយសារមិនមានតម្រូវការពីប្រទេសចិន បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពី រសៀលថ្ងៃសុក្រ ទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក Salahuddin Ayub រដ្ឋមន្រ្តីក្រសួងកសិកម្មម៉ាឡេស៊ីបានឲ្យដឹងថា កាលពីខែឧសភាឆ្នាំមុន ប្រទេសចិនបានអនុញ្ញាតិឱ្យនាំចូលផ្លែធូរេនក្លាសេទាំងមូលពីប្រទេសម៉ាឡេស៊ីជាផ្លូវការនាំឲ្យមានការពង្រីកកសិដ្ឋានធូរេន និងបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្មនេះ។លោករដ្ឋមន្ត្រីបន្តថា មុនការផ្ទុះវីរុសកូរ៉ូណាថ្មីនៅប្រទេសចិន ការនាំចេញធូរេនក្លាសេទាំងមូលទៅប្រទេសចិនមានចំនួនប្រមាណ ១០០០ តោនជារៀងរាល់ខែ ប៉ុន្តែពេលនេះឧស្សាហកម្មធូរេនរបស់ម៉ាឡេស៊ីបានរងឥទ្ធិពលយ៉ាងខ្លាំង ដោយសារការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ។
សូមបញ្ជាក់ថា ការបញ្ជាទិញផ្លែធូរេនបានធ្លាក់ចុះស្ទើរតែដល់សូន្យក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះពីព្រោះទីក្រុងចិនជាច្រើនត្រូវបានគេបិទ៕
ប្រភព៖សារព័ត៌មាន Channel News Asia