អាជ្ញាធរខេត្តប៉ៃលិនគ្រោងពង្រីកផ្លូវជាតិលេខ ៥៧ពីចំនុចវិមានឯករាជ្យខេត្តទៅកាន់ រម្មណីយ៍ដ្ឋានភ្នំយ៉ាត

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះវាស់វែង គ្រោងពង្រីកផ្លូវជាតិលេខ ៥៧ ចាប់ពីចំណុចវិមានឯករាជ្យខេត្ត ទៅកាន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងលើកកំពស់សោភ័ណភាពទីក្រុង ប្រកបដោយភាពទាក់ទាញ។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ ក្រោមដំបូលសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
ក្នុងឱកាសនោះ ឯកឧត្តមក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ ៥៧ ដែលអាជ្ញាធរខេត្តប៉ៃលិន គ្រោងពង្រីក ចាប់ពីចំណុចវិមានឯករាជ្យខេត្ត ទៅកាន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត មានប្រវែងជាង ១គីឡូម៉ែត្រ គឺពង្រីកទទឹងប្រវែង ៤ម៉ែត្រ បន្ថែម (ម្ខាង ២ម៉ែត្រ) ដោយអ៊ុតកៅស៊ូបេទីមីន័រ (AC) សម្រាប់ផ្លូវថ្មើរជើង និងទោចក្រយាន្តយន្ត៕
ញ៉ឹប បូរី ប៉ៃលិន 07-02-2020