មូលនិធិគន្ធបុប្ផាកម្ពុជាបង្ហាញពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា ៖លោកស្រីស៊ឹង សុផារី
មូលនិធិគន្ធបុប្ផាកម្ពុជាបង្ហាញពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ ដើម្បីរក្សាឱ្យបាននូវចីរភាព នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ប្រកបដោយគុណភាពនិងកិត្យានុភាព ដែលជាមរតកដ៏ថ្លៃថ្លារបស់លោកវេជ្ជបណ្ឌិត Beat Richner ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៏ថា ក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពសម្រាប់ការអនុវត្តក្នុងឆ្នាំ២០២០ ដែលនឹងផ្តោតការយកចិត្តទុកដាក់លើចំណុច ដូចជា ១.ការបង្កើនចំនួនសមាជិក នៅតាមបណ្តាគ្រឹះស្ថានសាធារណៈនិងឯកជន និងការរៀបចំកម្មវិធីកៀរគរមូលនិធិសប្បុរសធម៌នានា ឱ្យមានលក្ខណៈទៀងទាត់និងជាប្រចាំ ។២.ការបង្កើនការទំនាក់ទំនងសាធារណៈ និងការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្តាញសង្គម និងតាមប្រព័ន្ធឌីជីថលនានា។ ៣.ការពង្រឹងនិងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិករបស់មូលនិធិ ព្រមទាំងការគ្រប់គ្រងមូលនិធិប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី២ ឯកឧត្តម បានបន្តថា ក្រុមប្រឹក្សាបរធនបាល ក៏បានពិនិត្យនិងពិភាក្សាលើបញ្ហាមួយចំនួន ដូចជា ការកើនឡើងនៃចំនួនកុមារ ដែលបានមកទទួលសេវាពិនិត្យនិងព្យាបាល ដែលនេះទាមទារឱ្យមន្ទីរពេទ្យ ត្រូវពង្រឹងបន្ថែមនូវសមត្ថភាពនិងរចនាសម្ព័ន្ធគ្រប់គ្រង ឱ្យបានកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននេះ និងការគិតគូរអំពីការវិនិយោគមូលនិធិ ដោយប្រកាន់ភ្ជាប់គោលការណ៍ពិពិធកម្ម សន្ទីយ៍ភាព និងសុវត្ថិភាព ។
ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការបំផុសចលនាកៀរគរវិភាគទាន នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន និងជាសាធារណៈ តាមមធ្យោបាយមួយចំនួនដូចជា ការផលិតវីដេអូ ដែលលបានចាក់បញ្ជាំងនៅតាមទីសាធារណៈ, កិច្ចសហការជាមួយបុគ្គលដែលមានកេរ្តិ៍ឈ្មោះនៅក្នុងបណ្តាញសង្គម, កិច្ចសហការជាមួយស្ថាប័នដែលជាដៃគូផ្សេងៗ, ការប្រគំតន្រ្តីស្នាមញញឹម, ការប្រកួតកីឡាបាល់ទាត់, ការរៀបចំស្តង់ក្នុងកម្មវិធីសង្ក្រានសមុទ្រ ព្រមទាំងការធ្វើបទបង្ហាញនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាជាដើម ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩មូលនិធិគន្ធបុប្ផា ទទួលបានវិភាគទានសរុបចំនួនប្រមាណ ៤៧ ៦៥០ ៤៤១ ដុល្លារ ក្នុងនោះប្រាក់រៀលមានចំនួន ១៥០ ៧៤៤ ៩១៧ ២០៧ រៀល និងប្រាក់ដុល្លារមានចំនួន ៩ ៩៣៦ ៣១២ ដុល្លារ ។ សប្បុរសជនដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាមានចំនួនសរុប ៥៤ ៣៨០ នាក់ ។ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់ សរុបចំនួនប្រមាណ១១លានដុល្លារ ក្នុងនោះប្រាក់រៀលចំនួន ៨ ប៊ីលានរៀល និងប្រាក់ដុល្លារចំនួន ៨ ៨៩២ ៤០៤ ដុល្លារ ។