រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពអនាម័យឲ្យបានល្អ ដើម្បីការពារពីការឆ្លងដោយវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពអនាម័យឲ្យបានល្អ ដើម្បីការពារពីការឆ្លងដោយវីរុសកូរ៉ូណា ខណៈដែលជំងឺនេះ នៅតែបន្តកើតមានឡើងនៅតាមបណ្តាប្រទេសមួយចំនួននៅឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ដើម្បីចូលរួមការពារទប់ស្កាត់ ការចម្លងដោយវីរុសកូរ៉ូណា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មី និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកធ្វើដំណើរ ដែលទៅឬវិលត្រឡប់មកពីប្រទេសក្រៅ ជាពិសេសមកពីទីក្រុងវ៉ូហាន ខេត្តហូបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួនផងដែរ។  ប្រភពដដែល បានបន្តថា ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើមទាំងមុន ឬក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែង ដែលបាននិងកំពុងរាតត្បាត នៅប្រទេសចិន សូមទៅពិគ្រោះយោបល់ជាមួយវិជ្ជបណ្ឌិត (នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈ  ដែលនៅជិតបំផុត)។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ត្រូវអនុវត្តនូវវិធានការណ៍ទប់ស្កាត់វីរុសកូរ៉ូណានេះ ដោយជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ, ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុលហ្សែលបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់ ឬនៅពេលឃើញដៃកខ្វក់ ឬប្រលាក់, ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រវូណាន ឬទីផ្សារ ឬកសិដ្ឋាន ដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ចាំបាច់ត្រូវលាងដៃឲ្យបានទៀងទាត់ និងញឹកញាប់ មុនពេលនិងក្រោយពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពមេរោគ, ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារឲ្យបានត្រឹមត្រូវល្អ ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេសាច់និងស៊ុត, អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើម ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬដោយប្រើកែងដៃ។ ចំពោះអ្នកលក់នៅទីផ្សារសត្វរស់ ត្រូវលាងសំអាតឧបករណ៍ និងទីកន្លែងលក់ដូរ យ៉ាងតិច១ដងក្នុងមួយថ្ងៃ ដើម្បីសំលាប់មេរោគ,បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺ ត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការ ការចំលងរោគក្នុងគ្រឹះស្ថានសុខាភិបាល ឲ្យបានម៉ត់ចត់និងត្រឹមត្រូវ ដើម្បីជៀសវាងការឆ្លងជម្ងឺនេះមកបុគ្គលខ្លួនអែង។ ប្រសិនបើសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ៣៨អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិច ក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជម្ងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម មិនដឹងពីអត្តសញ្ញាណ(ប្រភេទមេរោគច្បាស់លាស់)ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍115 ៕