ជប៉ុនធ្វើតេស្តរកឃើញមនុស្ស ៤១ នាក់បន្ថែមបានឆ្លងវីរុសកូរ៉ូណាថ្មី នៅលើនាវាកម្សាន្តដ៏ធំមួយដែលចុះចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama)

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា មនុស្សចំនួន ៤១ នាក់ផ្សេងទៀតដែលជិះលើនាវាកម្សាន្តទេសចរណ៍ឈ្មោះ ដាយមិនដ៍ ព្រីនសេស ចតនៅកំពង់ផែយ៉ូកូហាម៉ា បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មីនេះ។បើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក កាស៊ុណូបុ កាតូ (Katsunobu Kato) រដ្ឋមន្ត្រីសុខាភិបាលជប៉ុនបានឲ្យដឹងទៀតថា ការរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៤១នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងនៅលើនាវាទេសចរណ៍ដ៏ធំមួយនេះកើនឡើងដល់ ៦១នាក់ ខណៈប្រទេសជប៉ុនបានរាយការណ៍បរួចហើយថា យ៉ាងហោចណាស់មាន ២៥ ករណីនៃការឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេស។ ដូច្នេះករណីសរុបទាំងអ្នកឆ្លងនៅក្នុងនាវាទេសចរណ៍ នាំឲ្យចំនួនអ្នកឆ្លងនៅជប៉ុនកើនដល់ ៨៦ ករណី ដែលជាអត្រាខ្ពស់បំផុតក្រៅពីប្រទេសចិន។
សូមបញ្ជាក់ថា ការចុះពិនិត្យសុខភាពលើអ្នកដំណើរទាំងអស់ធ្វើឡើងក្រោយអ្នកដំណើរជាបុរសម្នាក់អាយុ៨០ឆ្នាំមកពីហុងកុងត្រូវបានគេរឃើញថា បានឆ្លងវីរុសកូរ៉ូណាថ្មី៕
ប្រភព៖សារព័ត៌មាន Channel News Asia