កងទ័ព ៨នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០ — រដ្ឋធានីរបស់ប្រទេសស៊ីរី ត្រូវបានទទួលរងការវាយប្រហារតាមអាកាស កាលពីព្រឹកព្រលឹមថ្ងៃ​ព្រហស្បតិ៍ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ការការពារអាកាសបានគ្រប់គ្រងនូវមីស៊ីលជាច្រើនគ្រាប់បានបាញ់ផ្លោងចូល មុនពេលពួកគេឈានទៅដល់គោលដៅ។

ប្រភពពីយោធាស៊ីរីបាននិយាយថា កងទ័ពចំនួន៨នាក់បានរងរបួស និងការខូចខាតសម្ភារៈមួយចំនួន ដែលបណ្តាលមកពីការ​វាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទៅលើទីក្រុង Damascus និងទីក្រុងដទៃទៀតរបស់ប្រទេសស៊ីរី។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួនពីរលើក។ ការវាយប្រហារលើកទី១ បានធ្វើឡើងនៅម៉ោង ១:១២នាទី (ម៉ោងក្នុងស្រុក) ហើយបានដាក់គោលដៅនៅទីតាំងយោធានៅតំបន់ជុំវិញទីក្រុង Damascus។ ការវាយប្រហារលើកទី២ ត្រូវបានធ្វើឡើងនៅម៉ោង ១:៤១នាទីព្រឹក និងកំណត់គោលដៅនៅតំបន់ Daraa និងតំបន់ Kuneitra នៅភាគខាងត្បូងប្រទេសស៊ីរី។

ប្រភពយោធាបានបញ្ជាក់ថា ការវាយប្រហារនេះត្រូវបានផ្តើមចេញពីតំបន់ Golan Heights (ផ្នែកខ្លះត្រូវបានកាន់កាប់ដោយ​អ៊ីស្រាអែលតាំងពីឆ្នាំ ១៩៦៧) និងពីដែនអាកាសរបស់ប្រទេសលីបង់ ភាគខាងត្បូង។ ប្រទេសលីបង់តែងតែត្រូវបានប្រើដោយកងទ័ព​អាកាសអ៊ីស្រាអែលជាមូលដ្ឋានគ្រឹះមួយក្នុងគោលបំណងដើម្បីធានានូវភាពភ្ញាក់ផ្អើល នឹងគេចពីការការពារដែនអាកាសរបស់ស៊ីរី៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)