IAEA រកឃើញថា មិនមានការរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ថ្មីណាមួយដោយប្រទេសអ៊ីរ៉ង់ទេ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — អគ្គនាយក IAEA លោក Rafael Mariano Grossi បាននិយាយថា ទីភ្នាក់ងារថាមពលអាតូមិក​អន្តរជាតិ (IAEA) មិនបានរកឃើញនូវការរំលោភបំពានថ្មីណាមួយនៃ​ផែនការសកម្មភាពរួម (JCPOA) របស់អ៊ីរ៉ង់ទេ ចាប់តាំងពី​ដំណាក់កាលទី៥ របស់សាធារណរដ្ឋអ៊ីស្លាមក្នុងការកាត់បន្ថយការប្តេជ្ញាចិត្ត​នុយក្លេអ៊ែររបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។

លោកបានប្រាប់កម្មវិធី Carnegie Endowment សម្រាប់សន្តិភាពអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនថា «បន្ទាប់ពីជំហានទី៥ មក មិនមានការតាមដានណាមួយទេ ប៉ុន្តែជាការពិតពួកគេបានបន្តធ្វើឱ្យប្រសើរឡើង»។

ប្រធាន IAEA បាននិយាយបន្តទៀតថា «ខ្ញុំនៅតែរក្សាការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលើអ្វីដែលកំពុងកើតឡើងនៅ​ក្នុងប្រទេសអ៊ីរ៉ង់» ។ «ជាក់ស្តែង យើងមិនអនុវត្តសកម្មភាពត្រួតពិនិត្យរបស់យើងទេ ដូច្នេះយើងស្តាប់អ្វីដែលត្រូវបានគេនិយាយ ហើយយើងរៀបចំខ្លួនយើងសម្រាប់គ្រប់កាលៈទេសៈនូវអ្វីដែលអាចកើតមានឡើង»។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ប្រទេសអ៊ីរ៉ង់បានប្រកាសជំហ៊ានរបស់ខ្លួនសម្រាប់ដំណាក់កាលទី ៥ នៃការកាត់បន្ថយ​កាតព្វកិច្ចរបស់ខ្លួនក្រោម JCPOA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ។ ជំហ៊ានទី៥ នៃទីក្រុងតេហេរ៉ង់នេះបញ្ជាក់ថា ខ្លួននឹង​មិនបំពេញតាមការរឹតត្បិតដែលបានកំណត់ដោយ JCPOA អំពីចំនួនសម្រាប់ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០ ប្រទេសអង់គ្លេស, អាល្លឺម៉ង់ និងបារាំង បានប្រកាសបើកដំណើរការយន្តការ​ដោះស្រាយ​វិវាទក្នុង JCPOA ដែលអះអាងថា អ៊ីរ៉ង់ខកខានមិនបានគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។ អ្នកនាំពាក្យក្រសួង​ការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបមិនទាន់បានបង្កើតយន្តការនេះនៅឡើយទេ។

អនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានគេចោទសួរបន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នឹងការដាក់ទណ្ឌកម្មនាំចេញប្រេងជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ អ៊ីរ៉ង់អះអាងថា ក្នុងចំណោមអ្នកចូលរួមទាំងអស់អឺរ៉ុប គឺជាក្រុមដំបូងគេដែលមិនអើពើនឹងកាតព្វកិច្ចផ្ទាល់ខ្លួនក្នុងវិស័យសេដ្ឋកិច្ច ដូច្នេះធ្វើ​ឱ្យកិច្ចព្រមព្រៀងនេះមានលក្ខណៈដូចបច្ចុប្បន្ន។ ដោយសារតែបញ្ហានេះ អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការនៃការព្យួរជាដំណាក់កាលនៃការ​សន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)