ប្រទេសចិនកាត់បន្ថយពន្ធគយទៅលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ចំនួន ៥០ភាគរយចាប់ពីថ្ងៃទី ១៤​ ខែកុម្ភៈ ឆ្នាំ​២០២០

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សហរដ្ឋអាមេរិក និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាអ្វីដែលបង្ហាញពីរបកគំហើញមួយនៅក្នុងសង្គ្រាម​ពាណិជ្ជកម្មដែលបានញាំញីរវាងសេដ្ឋកិច្ចធំៗទាំងពីរអស់រយៈពេលជិត១៨ខែ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា ទីក្រុងប៉េកាំងនឹងកាត់បន្ថយពន្ធគយពាក់កណ្តាលទៅលើទំនិញ​ដែលនាំចូលពីសហរដ្ឋអាមេរិក ដែលមានចំនួនទឹកប្រាក់ ៧៥ប៊ីលានដុល្លារអាម៉េរិក។

ក្រសួងនេះបាននិយាយថា ការកាត់បន្ថយនេះ គឺនឹងចូលជាធរមាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២០ នេះទៅ ហើយវាបានបង្ហាញ​នូវក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ដើម្បីដកពន្ធទាំងអស់ចេញនៅក្នុងវិស័យពាណិជ្ជកម្ម​ទ្វេភាគីនាពេលអនាគត។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់ផ្តើមពីម៉ោង ១៣:០១នាទី [05:01GMT] ថ្ងៃទី១៤ ខែកុម្ភៈ ពន្ធគយទៅលើទំនិញរបស់អាម៉េរិក ដែលបានកើនឡើង១០ភាគរយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នឹងត្រូវថយចុះមកត្រឹម ៥ភាគរយ ខណៈដែលពន្ធលើទំនិញរបស់អាម៉េរិកដែលបានកើនឡើង ៥ភាគរយ នឹងត្រូវទម្លាក់មកនៅត្រឹម ២,៥ភាគរយវិញ»។

ក្រសួងនេះក៏បានសម្តែងក្តីសង្ឃឹមថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នឹងអាចបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រម​ព្រៀងពាណិជ្ជកម្មដែលបានបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ និងជំរុញទំនុកចិត្តទីផ្សារអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម និង​សេដ្ឋកិច្ចទ្វេភាគី ក៏ដូចជារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)