កិច្ចសហប្រតិបត្តិការការពារជាតិ គឺជាសសរស្តម្ភ នៃទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០ — «រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Ngo Xuan Lich បាននិយាយថា ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី គឺជាអាទិភាពកំពូលរបស់វៀតណាម ដោយកិច្ចសហប្រតិបត្តិការ​ការពារជាតិជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។

ក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ Sergei Shoigu នៅទីក្រុងមូស្គូ លោក Lich បានអះ​អាងថា ប្រជាជន និងកងទ័ពវៀតណាម ជានិច្ចកាលតែងតែចងចាំ និងដឹងគុណចំពោះការគាំទ្រ និងជំនួយដ៏ធំធេងពីសមភាគីរុស្ស៊ីក្នុងការ​តស៊ូកន្លងមកប្រឆាំងនឹងការឈ្លានពានរបស់បរទេស ដើម្បីរំដោះជាតិ ក៏ដូចជា ជំនួយរបស់រដ្ឋ និងកងទ័ពរុស្ស៊ីក្នុងបុព្វហេតុនៃការកសាង និងការពារជាតិនាពេលបច្ចុប្បន្ន។

ដូច្នេះ លោកបានលើកឡើងអំពីគោលនយោបាយជាប់លាប់របស់វៀតណាម ក្នុងការបង្កើនសាមគ្គីភាព មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដែលជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់បក្សរដ្ឋ និងកងទ័ព​វៀតណាម។

លោក Lich បានកោតសរសើរចំពោះការចូលរួមរបស់ក្រសួងការពារជាតិរុស្ស៊ីនៅក្នុងយន្តការសន្តិសុខក្នុងតំបន់ ជាពិសេស​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយលោកបាននិយាយថា កិច្ចសហ-ប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាព នឹងរួមចំណែកដល់ការជឿទុកចិត្តគ្នាកាន់តែខ្លាំង ព្រមទាំងការដោះស្រាយ និងការការពារបញ្ហាប្រឈមសន្តិសុខ។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងអាណត្តិឆ្នាំ ២០២០-២០២១ វៀតណាមនឹងបន្តសម្របសម្រួលជាមួយរុស្ស៊ី និងបណ្តាប្រទេសដៃគូដទៃទៀតដើម្បីសម្រេចគោលដៅ​ដែលបានកំណត់​ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុង ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោករដ្ឋមន្រ្តីបានឆ្លៀតឱកាសនេះ សម្តែងការអបអរសាទរចំពោះតួនាទីរបស់ក្រសួងការពារជាតិ រុស្ស៊ី នៅមជ្ឈមណ្ឌលត្រូពិក​វៀតណាម – រុស្ស៊ី ផងដែរ។

សម្រាប់ភាគីរុស្ស៊ី លោក Shoigu បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក Lich ដោយលោកបាន​និយាយថា វាបានរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរ​កំពុងប្រារព្ធខួបលើកទី ៧០ នៃចំណងមិត្តភាពការទូត (ថ្ងៃទី ៣០ ខែមករា ឆ្នាំ១៩៥០) ។

ប្រទេសរុស្ស៊ីតែងតែចាត់ទុកវៀតណាមជាមិត្តភក្តិប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងតំបន់។ លោកបាន​និយាយបន្ថែមថា ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងជួយថែរក្សា​សន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់នីមួយៗ និងពិភពលោកផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)