ប្រទេសវៀតណាមរាយការណ៍ករណីឆ្លងមេរោគកូរ៉ូណាវីរុស ២នាក់បន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ប្រទេស វៀតណាមបានរាយការណ៍អំពីករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មី (nCoV) ចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកជំងឺឆ្លងក្នុងប្រទេស​នេះកើនឡើងដល់ ១២នាក់។

ករណីមួយក្នុងចំណោមករណីទាំងពីរនេះ គឺជាស្ត្រីកសិករអាយុ ៤៩ឆ្នាំ មានទីលំនៅក្នុងឃុំ Son Loi ស្រុក Binh Xuyen ភាគខាងជើងខេត្ត Vinh Phuc ។ នាង គឺជាម្តាយរបស់អ្នកជំងឺស្រីម្នាក់អាយុ ២៣ឆ្នាំដែលធ្លាប់បានធ្វើតេស្តវិជ្ជមានរកឃើញវីរុសនេះ។ ហើយម្នាក់ទៀត គឺជាកូនស្រីអាយុ ១៦ឆ្នាំ ដែលត្រូវជាប្អូនស្រីរបស់អ្នកជំងឺស្រីនោះ។

ដោយសារពួកគេទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានជំងឺនេះ ដូច្នេះពួកគេត្រូវបានគេតាមដានយ៉ាងយកចិត្ត​ទុកដាក់។

កាលពីថ្ងៃទី៤ ខែកុម្ភៈ បុគ្គលិកពេទ្យក្នុងតំបន់បានរកឃើញថា ពួកគេបង្ហាញរោគសញ្ញាក្អក និងហត់នឿយ។ បន្ទាប់មកអ្នកទាំង២ ត្រូវបានគេនាំយកទៅព្យាបាលនៅគ្លីនិកមួយក្នុងស្រុក ដើម្បីទុកឱ្យនៅដាច់ដោយឡែកពីគ្នា នឹងធ្វើតេស្តសំណាក។

ការធ្វើតេស្តដោយវិទ្យាស្ថានជាតិសម្រាប់អនាម័យ និងរោគរាតត្បាត បានបង្ហាញថា វាមានភាពវិជ្ជមានចំពោះមេរោគ nCoV ។ ឥឡូវនេះ ពួកគេស្ថិតនៅក្នុងស្ថានភាពសុខភាពមានស្ថិរភាពនៅឡើយទេ។

អ្នកជំងឺអាយុ ២៣ឆ្នាំនោះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៨នាក់ដែលបានវិលត្រឡប់មកពីទីក្រុងវូហានរបស់ប្រទេសចិន ក្នុងជើងហោះហើរតែមួយ។ មនុស្ស ៥នាក់ក្នុងចំណោមពួកគេបានឆ្លងវីរុសនេះ ខណៈដែលមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានដាក់ឱ្យ នៅដាច់ពីគេ។

គួររំលឹកថា ជនជាតិវៀតណាមចំនួន ៨នាក់ត្រូវបានបញ្ជូនទៅទីក្រុងវូហានប្រទេសចិន​ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលដោយ​ក្រុមហ៊ុន Nihon Plast Co Ltd របស់ប្រទេសជប៉ុន ហើយបានវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរលេខ CZ8315 របស់ក្រុមហ៊ុនអាកាសចរណ៍ China Sourthen Airlines កាលពីថ្ងៃទី១៧ ខែមករា​ ឆ្នាំ​ ២០២០៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)