តំបន់ដីសើមចំនួន៥កន្លែង បានកំណត់ទៅជាតំបន់រ៉ាមសារ

វិទ្យុជាតិកម្ពុជា

MC: ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ដីសើមចំនួន៥កន្លែងនៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ មានឈ្មោះថាតំបន់រ៉ាមសារ ដែលមានសារៈ ប្រយោជន៍មហាសាលជាសកលសម្រាប់មនុស្ស និងពពួកសត្វ។
ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់រ៉ាមសារនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអភិរក្ស និងការពារនេះ មានដូចជា តំបន់រ៉ាមសារ ស្ទឹងត្រែងនៅខេត្តស្តឹងត្រែង តំបន់រ៉ាមសារកោះកាពិ នៅខេត្តកោះកុង និងតំបន់រ៉ាមសារបឹងឆ្មារ ព្រែកទាល់ និងស្ទឹងសែន ស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាប។
ថ្លែងក្នុងទិវាតំបន់ដីសើមពិភពលោក ដែលធ្វើឡើងនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកុម្ភៈនេៈ ឯកឧត្តម បានឲ្យដឹងថា ប្រទេសកម្ពុជា ក៏បានកំណត់តំបន់ដីសើមសំខាន់ៗមួយចំនួនទៀត ឲ្យទៅជាតំបន់ការពារធម្មជាតិ ដែលក្នុងនោះមានតំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន៥កន្លែង គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដងពែង ពញាក្រែកព្រែកទឹកសាប ក្បាលឆាយ និងបឹងយក្ខឡោម ព្រមទាំងតំបន់ការពារទេសភាពចំនួន៦កន្លែងទៀត គឺតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប អន្លង់ព្រីង អាងត្រពាំងថ្ម បឹងព្រែកទប់ បឹងលំកុដ និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ទន្ទឹមនឹងនេះក្រសួងមានផែនការដាក់បញ្ចូលតំបន់ដីសើមសំខាន់ៗ មួយចំនួនទៀត ទៅជាតំបន់រ៉ាមសារ ដែលរួមទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលតំបន់នេះត្រូវបានគេរកឃើញថា ជាតំបន់ដីសើមដែលមានតួនាទីយ៉ាងសំខាន់ ជួយកាត់បន្ថយទឹកជំនន់ កាត់បន្ថយគ្រោះរាំងស្ងួត ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាប្រភពចំណីដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសសត្វរមាំង ក្រៀល ខ្សឹប ទុងប្រផេះ រនាលពណ៍ រនាលស ត្រដក់តូច ត្រដក់ធំ ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ និងប្រភេទសត្វស្លាបសំខាន់មួយចំនួនទៀត ដែលជាប្រភេទទទួលរងនូវការគំរាមកំហែង និងជិតផុតពូជលើពិភពលោកផងដែរ។
បើតាមការបញ្ជាក់របស់លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា បានឲ្យដឹងថា ពិភពលោកបានបាត់បង់ដីសើមអស់១ភាគ៣ នៃតំបន់ដីសើម ទាំងអស់តាំងពីឆ្នាំ១៩៧០មកម្ល៉េះ ដែលធ្វើឲ្យមនុស្សជាង១ពាន់លាននាក់ជួបប្រឈមបញ្ហាខ្វះទឹកនិងចំណីអាហារ ខណៈ៤០ភាគរយនៃសត្វព្រៃគ្រប់ប្រភេទត្រូវរងគ្រោះ៕
អត្ថបទ៖ វ៉ាង ភក្តី