ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនកើនឡើងដល់ ៦៣៦ នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនមនុស្សឆ្លងវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនបានកើនឡើងដល់ ៣១,១៦១នាក់ ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់៦៣៦នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី ០៧ខែកុម្ភៈ ឆ្នាំ ២០២០។
តាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់គណៈកម្មាធិការសុខភាពជាតិរបស់ចិនបានឲ្យដឹងទៀតថាចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីត្រូវបានកើនឡើងដោយសារអ្នកស្លាប់ថ្មី ៧៣ នាក់បន្ថែមទៀត។ករណីឆ្លងថ្មីមានចំនួន ៣.១៤៣ ករណីទៀតបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតាមតំបន់ទូទាំងប្រទេសចិន នាំឲ្យការឆ្លងសរុបនៅក្នុងប្រទេសកើនឡើងរហូតមកដល់ ៣១.១៦១ នាក់។ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចិននៅតែតស៊ូដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ខណៈមន្ទីរពេទ្យជាច្រើនកំពុងពុះពារដើម្បីព្យាបាលអ្នកជម្ងឺដែលកំពុងកើនឡើង។
សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន ទីក្រុងហុងកុង តៃវ៉ាន់ និងម៉ាកាវ ជំងឺផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានរាលដាលទៅដល់ប្រទេសចំនួន ជាងម្ភៃផ្សេងទៀតផងដែរ៕
ប្រភព៖សារព័ត៌មាន Channel News Asia