ខេត្តបាត់ដំបងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការរៀបចំសោភ័ណភាពបំរើព្រឹត្តិការណ៍ បុណ្យទន្លេលើកទី០៦

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា
MC: អាជ្ញាធរខេត្តបាត់ដំបងបានត្រៀមលក្ខណៈសម្បត្តិ រួចជាស្រេចក្នុងការរៀបចំសោភ័ណភាព បំរើព្រឹត្តិការណ៍បុណ្យទន្លេរលើកទី០៦ ដើម្បីទាក់ទាញ់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តឲ្យបានកាន់តែច្រើន។  អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ ៖
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា អាជ្ញាធរខេត្តបាត់ដំបងបាននិងកំពុងរៀបចំកែលំអសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយនៃកន្លែងរៀបចំពិធីបុណ្យទន្លេរលើកទី០៦ ដោយមានការតាំងលម្អភ្លើងចម្រុះពណ៌ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកន្លែងសម្រាកលំហែរកាយ តាមទីតាំងដែលអាជ្ញាធរខេត្តបានកំណត់សម្រាប់ការចូលកមកទស្សនាកម្សាន្តសប្បាយក្នុងពិធីបុណ្យដ៏ធំនេះ។
ឯកឧត្តមបន្តថា ពិធីបុណ្យទន្លេនេះជាមោទនៈភាពមួយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបងដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះក្នុងការៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលទាក់ទាញភ្ញៀវទេសចរឲ្យស្គាល់ខេត្តបាត់ដំបងកាន់តែច្រើន។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តបាត់ដំបងមានសក្តានុពលខ្លាំងមិនតែលើវិស័យកសិកម្ម កសិឧស្សាហកម្ម វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែខេត្តប្រវត្តិសាស្រ្តមួយនេះក៏ជាខេត្តមួយដែលបានជាប់ឈ្មោះជាទីក្រុងបេតិកភណ្ឌពិភពលោកផងហើយឈរលើភាពស្អាត ភាពស្រស់ឆើតឆាយ ភាពបៃតងស្រស់នៃធម្មជាតិគ្រប់រដូវកាល ដែលជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ
និងអន្តរជាតិ។
សំឡេង :ចំពោះមុខខេត្តបានកំពុងធ្វើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការរៀបចំកែលំអសួនហាត់ប្រាណ ការរៀបចំកែលំអរច្រាំងស្ទឹងដែលយើងកំពុងមមាញឹកដុតដៃដុតជើង ធ្វើម៉េចអោយទាន់នៅក្នុងខែក្រោយនេះ ក្រៅពីនោះយើងត្រៀម រៀបចំផ្នែកកែលំអទីលានសាធារណៈ ដែលមានការតុបតែងលំអភ្លើងនៅតាមផ្លូវភ្លោះ តាមសួន និងបន្តទៀត គឺលំអភ្លើងនៅតាមច្រាំងស្ទឹងសង្កែរនេះតែម្តងនៅក្នុងបុណ្យទន្លេនេះ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេនេះរដ្ឋបាលខេត្តបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នដ៏ទៃទៀត
ដើម្បីបង្កើតព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនពិសេសកម្មវិធីលើកស្ទួយវិស័យវប្បធម៌ កីឡា
ផលិតផលជាតិ និងការដាំកូនឈើជាដើម។
គួរបញ្ជាក់ថាព្រឹត្តការណ៍បុណ្យទន្លេលើកទី៦ ខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ២០២០៕