វិទ្យុជាតិកម្ពុជា៖ដោយ កញ្ញា អ៊ី កនិកា
MC៖ ប្រមុខរាជរដ្ឋាភិបាលចង់ឃើញវត្តមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាង២កម្ពុជាកូរ៉េ។

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសសម្តេចបានជួបពិភាក្សាការងារជាមួយឯកឧត្តមមូន ជេអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នៃអង្គការសហព័ន្ធសន្តិភាពសកល( UPF) ស្តីពីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍមនុស្សដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េខាងត្បូង។
នៅក្នុងឱកាសអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងអំពីជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េខាងត្បូងសំរាប់ជំរុញឲ្យមានទំនាក់ទំនងល្អនិងកសាងនូវសន្តិភាពមួយទាំងក្នុងតំបន់និងនៅលើសកលលោកផងដែរ ។ ឯកឧត្តម កៅ គឹមហួន បានបញ្ជាក់ថាក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងដោយចង់ឃើញវត្តមានស្ពានរបស់កូរ៉េ ឆ្លងកាត់ទន្លេមេគង្គស្ថិតនៅលើទឹកដីប្រទេសកម្ពុជា ដូចទៅនឹងស្ពានរបស់ប្រទេសចិននិងប្រទេសជប៉ុននាពេលបច្ចុបន្ននេះដែរ។
សំលេង«សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើទៅដែរធ្វើយ៉ាងណាក្នុងការជំរុញការចរចាកិច្ចព្រមព្រៀងទៅលើពាណិជ្ជកម្មប្រទេសទាំងពីរស្នើរឲ្យរដ្ឋាភិបាលកូរ៉េពិចារណាក្នុងការផ្តល់ជំនួយជាពិសេសកសាងស្ពាននៃប្រទេសកម្ពុជា។ដោយសារបច្ចុប្បន្ននេះយើងមានការកសាងស្ពានហើយដោយប្រទេសជប៉ុន ប្រទេសចិន ប៉ុន្តែមិនទាន់មាននៅឡើយនៅប្រទេសកូរ៉េ។ ដូច្នេះសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើសុំឲ្យរាជរដ្ឋាភិបាលកូរ៉េពិចារណាជួយក្នុងការកសាងស្ពាន។ »
សូមបញ្ជាក់ថា ជាការឆ្លើយតបនេះដែរ ឯកឧត្តមប្រធានាធិបតីកូរ៉េ បានអះអាងថា ឯកឧត្តមនឹងជំរុញឲ្យក្រុមហ៊ុនកូរ៉េទៅបន្តបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយនឹងចាប់យកឱកាសនៃ កសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាផងដែរ៕