សៀវភៅស្តីពីកម្ពុជាឆ្នាំ ២០២០នឹងផលិតអោយហើយមុនថ្ងៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី
MC៖  រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្លឿនការផលិតសៀវភៅស្តីពីកម្ពុជាឆ្នាំ ២០២០ អោយហើយនៅមុនថ្ងៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ខាងមុខនេះ សម្រាប់ទុកចែកជូនដល់ ថ្នាក់ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួម។

ថ្លែងកិច្ចប្រជុំគណៈកម្មការរៀបចំបោះពុម្ព សៀវភៅកម្ពុជាឆ្នាំ២០២០ លើកទី២ នៅព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញក្រុមការងារជំនាញឲ្យពិនិត្យឡើងវិញ ទាំងខ្លឹមសារ អត្ថបទ និងរូបថត ដែលត្រូវដាក់ នៅក្នុងសៀវភៅខាងលើនេះ ដែលថតដោយ អ្នកថតរូប លំដាប់អន្តរជាតិ គឺ លោក Patrick Dupire អ្នកនិពន្ធ និងជាទីប្រឹក្សាប្រពន្ធ័ផ្សព្វផ្សាយ។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា សៀវភៅស្តីពីកម្ពុជាឆ្នាំ២០២០នេះ ត្រូវរៀបចំអោយបានល្អ ហើយធ្វើការបោះពុម្ព ទុកសម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី ១៦-១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ និងមួយផ្នែកទៀតនៅតាមបណ្ណាល័យ និងបណ្ណាគារ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ផ្តោតសំខាន់លើ៣ចំណុច ក្នុងនោះគឺការពិនិត្យលើចំណងជើង ទិដ្ឋភាពទូទៅនៃរូបថត ដែលមានជាង២០០រូបភាព ដោយមានចំណុចខ្លះនៃរូបថតត្រូវធ្វើការកែលម្អ តាមរយៈការណែនាំពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ។ ចំពោះអត្ថបទ ខ្លឹមសារ ត្រូវធ្វើការបកប្រែជា៤ភាសា ដោយក្នុងនោះ ភាសាខ្មែរ ជាគោលសំខាន់ និងមានជាភាសា អង់គ្លេស បារាំង និង ភាសាចិន។
ឯកឧត្តម រដ្ឋលេខាធិការ បានអោយដឹងទៀតថា សម្រាប់សៀវភៅកម្ពុជា ឆ្នាំ២០២០ ឬការសំលឹងមកព្រះរាជាណាចក្រអច្ឆរិយៈ គ្រោងនឹងធ្វើការបោះពុម្ពប្រមាណជាង១ម៉ឺនក្បាល ក្រោមគម្រោងឥណទាន ពីរដ្ឋាភិបាល ដែលក្រសួងព័ត៌មាន កំពុងធ្វើការ យ៉ាងលំអិតជាមួយស្ថាប័នពាក់ពន្ធ័របស់រដ្ឋ ។
សំឡេង៖ សៀវភៅយើងអាចបានប្រមាណថាប្រហែលជាង១ម៉ឺនក្បាល នៅក្នុងភាសាទាំង៤ នេះត្រូវបានចែកជូនដល់គណៈប្រតិភូ ដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ ហើយមួយផ្នែកទៀត យើងនឹងដាក់ទៅតាមបណ្ដាល័យ ឬក៏តាមបណ្ណាគារ ដើម្បីធ្វើយ៉ាងណាចែកផ្សាយចំហ ជូនដល់មជ្ឈដ្ឋានថ្នាក់ដឹកនាំជាតិ ក៏ដូចជាចែកជូនដល់មជ្ឈដ្ឋានអន្តរជាតិ ជាពិសេសគឺចាប់ផ្ដើមបើកយុទ្ធនាការធំ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ជាក់ច្បាស់អំពីកម្ពុជា ព្រោះថាសៀវភៅនេះមានភាពលំអិតនៅគ្រប់ទិដ្ឋភាពនៃសង្គមកម្ពុជាយើង ទាំងទិដ្ឋភាពនយោបាយ ទិដ្ឋភាពវប្បធម៌ ទិដ្ឋភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទំនៀមទម្លាប់ជាដើម។
សូមរំលឹកដែរថា សៀវភៅស្តីពីកម្ពុជាឆ្នាំ២០២០នេះ សហការផលិតដោយក្រសួងព័ត៌មាន ជា មួយនឹងលោក Patrick Dupire ដែលមានជំនាញថតរូប និងចងក្រង បោះពុម្ពជាសៀវភៅ ស្តីពីប្រទេសមីយ៉ាន់ម៉ា បានជោគជ័យ និងទទួលបានការគាំទ្រច្រើន។ ដោយមើលពីស្នាដៃនេះ ទើបក្រសួងព័ត៌មាន សហការជាមួយ លោក Patrick ក្នុងការរៀបចំបោះពុម្ភសៀវភៅស្តីពី កម្ពុជាឆ្នាំ២០២០ ដែលមានប្រមាណជាង ១០០ទំព័រ មានជាភាសាខ្មែរ អង់គ្លេស បារាំង និងភាសាចិន៕