ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់” សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី២

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី
MC៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់” សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី២ ដើម្បីផ្ដល់លទ្ធភាពជូនលស្ថាបត្យករចុះបញ្ជី និងវិស្វករចុះបញ្ជី អាចប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ គ្រប់លក្ខខណ្ឌនៃច្បាប់កំណត់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងនឹងបើកវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់” សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី២ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដោយចាប់ផ្ដើមពីម៉ោង ៧:៣០នាទីក ដល់ម៉ោង ១៣:០០នាទី សម្រាប់អ្នកដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលអវត្តមានក្នុងការចូលរួមវគ្គផ្សព្វផ្សាយ កាលពីវគ្គទី១ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០កន្លងទៅ ដើម្បីផ្ដល់លទ្ធភាពចូលស្ថាបត្យករចុះបញ្ជី និងវិស្វករចុះបញ្ជី ឲ្យបំពេញគ្រប់លក្ខខណ្ឌ ដែលបានកំណត់ក្នុងច្បាប់ និងអាចប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ប្រកបដោយប្រសិទ្ធភាព។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងផ្ដល់លិខិតបរិញ្ញាបត្រ បញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់អ្នកផ្សព្វផ្សាយ។ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជាឯកសារចាំបាច់សម្រាប់ស្ថាបត្យករចុះបញ្ជី និងវិស្វករចុះបញ្ជី ក្នុងការស្នើសុំអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
ក្រសួង សូមឲ្យស្ថាបត្យករចុះបញ្ជី និងវិស្វករចុះបញ្ជី ដែលមានជំនាញសំណង់ស៊ីវិល និងជំនាញអគ្គិសនី ចូលរួមជាសិក្ខាកាមក្នុងវគ្គផ្សព្វផ្សាយខាងលើនេះកុំបីខាន៕