ប្រទេសចំនួន២១ ធ្វើអំណោយគ្រឿងផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រដល់ចិន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយពីថ្ងៃពុធថា  ប្រទេសសរុបទាំងអស់ចំនួន២១ និងមូល និធិកុមារ អ.ស.ប បានធ្វើអំណោយគ្រឿងផ្គត់ផ្គង់សម្រាប់ការពារ និងត្រួតត្រាជំងឺឆ្លងដល់ប្រទេសចិន ។

អ្នកនាំពាក្យលោកស្រី ហួ ជុនយីង បាននិយាយនៅឯសន្និសីទកាសែតអនឡាញមួយថា ប្រទេស ទាំងនោះ គឺសាធារណរដ្ឋកូរ៉េ, ជប៉ុន, ថៃ ,ម៉ាឡេស៊ី , ឥណ្ឌូណេស៊ី , កាហ្សាក់ស្ថាន , ប៉ាគីស្ថាន , អាល្លឺម៉ង់ , អង់គ្លេស , បារាំង , អ៊ីតាលី , ហុងគ្រី , បេឡារូស ,តួកគី , អ៊ីរ៉ង់ , អេមីរ៉េតអារ៉ាប់រួម , អាល់ហ្សេរី , អេហ្ស៊ីប , អូស្ត្រាលី , នូវែលហ្សេឡង់ ក៏ដូចជា ទ្រីនីដាត និង តូបាហ្គោ​ ។

លោកស្រីបាននិយាយថា ប្រទេសដទៃខ្លះទៀតក៏បានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួនផងដែរ ដើម្បីធ្វើអំណោយគ្រឿងផ្គត់ផ្គង់ ហើយប្រជាជនក្នុងប្រទេសជាច្រើនបានផ្តល់ការគាំទ្រតាមមធ្យោបាយផ្សេងៗដោយលោកស្រីនិយាយបន្ថែមថា ប្រទេសចិនស្វាគមន៍និងអរគុណដល់ការយោគយល់,​គាំទ្រនឹងជួយពីសហគមន៍អន្តរជាតិ​ ។

លោកស្រីបាននិយាយថា អ៊ីរ៉ង់បានផ្តល់ម៉ាស់សម្រាប់ការវះកាត់ចំនួន៣លាន ព្រមទាំងសម្តែងនូវការត្រៀមខ្លួនផ្តល់ជំនួយថែមទៀតដល់ប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ​ ។

លោកស្រីបានកត់សម្គាល់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា អ៊ីន , នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋដទៃទៀតជាច្រើន ព្រមទាំងប្រជាជនមកពីគ្រប់មជ្ឈដ្ឋានបានសម្តែងនូវការយោគយល់របស់ខ្លួនដល់ប្រទេសចិន ។

លោកស្រីបាននិយាយថា យើងមានជំនឿនិងសមត្ថភាពទាំងស្រុងក្នុងការយកឈ្នះការប្រយុទ្ធតាមកាលបរិច្ឆេទមួយឱ្យបានឆាប់  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )