ស្ថានទូតសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជានឹងរៀបចំព្រឹត្តិការណ៍Art Street and Food Festivalលើកទី១ នៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 06,02,2020៖

ស្ថានទូតសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ Art Street and Food Festivalលើកទី១ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ខែកុម្ភះ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូត រវាង កម្ពុជា និងសឹង្ហបូរី
ក្រសួងទេសចរណ៍ បានប្រកាសដល់សហព័ន្ធទេសចរណ៍(CTF) សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) សមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច(PATA) សមាគមភោជនីយដ្ឋានកម្ពុជា(CRA) អង្គការក្តីសង្ឃឹមនៃកម្ពុជា(PSE) ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងសាធារណៈជនទាំងអស់ ឲ្យដឹងថា ស្ថានទូតសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ Art Street and Food Festival លើកទី១ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ខែកុម្ភះ ឆ្នាំ២០២០នៅផ្សារWB Arena ដែលមានទីតាំងស្ថិតនៅ ចាក់អង្រែក្រោម ចន្លោះទន្លេបាសាក់ និងផ្លូវជាតិលេខ២ ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង អបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសឹង្ហបូរី និងដើម្បីជួយផ្សព្វផ្សាយដោយមានផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសទាំងពីរតាមរយះ គំនូរ អាហារ តន្ត្រី និងវប្បធម៌ប្រវត្តិសាស្រ្តជាដើម។
ព្រឹត្តិការណ៍នោះ ក៍មានសកម្មភាពមួយចំនួនដូចជា ការសម្តែងសិល្បៈវប្បធម៌ ពីសំណាក់សិល្បករ សិល្បការិនីនៃប្រទេសទាំងពីរ ,ការប្រគុំតន្រី្ត Angkor Beer, Pepsi និង JBL ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៃប្រទេសទាំងពីរ , ការបង្ហាញពីសិល្បៈគំនូរតាមដងវិថី ដែលបានគូរដោយសិល្បករខ្មែរ និងសឹង្ហបុរីដ៍ល្បី , ការធ្វើដំណើរកំសាន្តតាមរយះរថយន្តក្រុមហ៊ុន Angkor Beer, ការចូលរួមគូរគំនូរលើជញ្ជាំង ពីសំណាក់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ។
ដូចនេះសូមសាធារណៈជន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងសមាគមទេសចរណ៍ទាំងអស់ មេត្តាសហការគាំទ្រ និងជួយផ្សព្វផ្សាយបន្តដល់ប្រតិបត្តិករទេសចរទាំងអស់ ព្រមទាំងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ អោយបានច្រើនកុះករ។