ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនបានកើនឡើងដល់ជិត៦០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ភួង​ ឈុន​លាង​៖

អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះថា ចំនួនមនុស្សឆ្លងវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនបានកើនឡើងដល់ ២៨,០១៨នាក់ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់៥៦៣នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ០៦ខែកុម្ភៈ ឆ្នាំ ២០២០។

  តាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់គណៈកម្មាធិការសុខភាពជាតិរបស់ចិនបានឲ្យដឹង ថា ចំនួននៃការឆ្លងនៃវីរុសកូរ៉ូណាក្នុងប្រទេសចិនបានកើនដល់ ២៨,០១៨នាក់ករណីដែលតួលេខនេះត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតាមតំបន់ទូទាំងប្រទេសចិន។កាលពីថ្ងៃពុធ មនុស្ស ៧៣នាក់បន្ថែមទៀតបានស្លាប់ក្នុងនោះ ៧០នាក់នៅខេត្តហ៊ូប៉ី (Hubei) ម្នាក់នៅទីក្រុងធានជិន (Tianjin) ម្នាក់នៅខេត្តហៃឡុងជាំង (Heilongjiang) និងម្នាក់ទៀតនៅគួយចូវ (Guizhou) ដូច្នេះចំនួនមនុស្សស្លាប់បានកើនឡើងដល់៥៦៣នាក់។

    សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន ទីក្រុងហុងកុង តៃវ៉ាន់ និងម៉ាកាវ ជំងឺផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានរាលដាលទៅដល់ប្រទេសចំនួន ជាងម្ភៃផ្សេងទៀតផងដែរ៕

ប្រភព៖សារព័ត៌មាន Channel News Asia