ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើចិនបន្តកិច្ចសហការជាមួយនិងកម្ពុជាបន្តទៀត ជាពិសេសលើការជំរុញអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៦ ០២ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើចិនបន្តកិច្ចសហការជាមួយនិងប្រទេសកម្ពុជាបន្តទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើការជំរុញអ្នកវិនិយោគចិនមក   បណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុង  ឱកាសអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីបានជួប  សម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន និងស្វែងយល់អំពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលចិន ចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅ និងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិនផងដែរ ។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីរាត្រីថ្ងៃទី០៥ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងអំពីជោគជ័យ នៃដំណើរទស្សនកិច្ច របស់សម្តេចតេជោ នៅប្រទេសចិន សំរាប់ជំរុញឲ្យមានទំនាក់ទំនងល្អ និងកសាងនូវសន្តិភាពមួយ ទាំងក្នុងតំបន់និងនៅលើសកលលោកផងដែរ ។ ឯកឧត្តម បានបញ្ជាក់ថា សម្តេចតេជោ នៅក្នុងជំនួបជាមួយឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្រ្តីចិនបានបង្ហាញថា សម្តេចបានស្នើសុំភាគីចិន ក្នុងការជួយបន្តកិច្ចសហការរវាងប្រទេសទាំងពីរបន្ថែមទៀត ដោយសុំឲ្យភាគីចិនបន្ត ដំណើរការរោងចក្រកម្ពុជាបន្តទៀត ជាពិសេសលើកទឹកចិត្តឲ្យអ្នកវិនិយោថ្មីមកបណ្តាក់នៅកម្ពុជានិង ពង្រីកការនាំចូលផលិតផលពីប្រទេសកម្ពុជាទៅប្រទេសចិនបន្ថែមទៀត ។

«សូមគូសបញ្ជាក់ផងដែរនៅក្នុងទស្សនះកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើសុំ ក្នុងកិច្ចពិភាក្សា នៃរវាងប្រទេសទាំងពីរនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើសុំ អំពីអ្វីដែល កម្ពុជាប្រទេសចិនកំពុងធ្វើការជាមួយគ្នា ទី១គឺស្នើសុំ ឲ្យរដ្ឋាភិបាលចិនលើកទឹកចិត្តឲ្យរោងចក្រចិនដែលមានប្រមាណ៧០ភាគរយ នៅប្រទេសកម្ពុជានេះ គឺនៅបន្តទៀត ទោះបីមានការប្រឈមនិងការដកនៃEBA ពីសហភាពអឺរ៉ុបក៏ដោយ ធ្វើយ៉ាងណាឲ្យរោងចក្រចិននេះបន្ត មិនដកចេញពីប្រទេសកម្ពុជា ។ ទី២ ស្នើសុំឲ្យនាយករដ្ឋមន្ត្រីចិនបន្តក្នុងការកៀរគរ ហើយធ្វើយ៉ាងណាផ្តល់ ការលើកទឹកចិត្តដល់អ្នកវិនិយោគចិនថ្មីមកបណ្តាក់ទុននៅប្រទេសកម្ពុជា ។ ហើយទី៣ នៅក្នុងការពង្រីកទីផ្សារប្រទេសចិន ក្នុងការនាំចូលនូវផលិតផល កសិផលពីប្រទេសកម្ពុជា ហើយជាពិសេសទៀតក្នុងការជំរុញល្បឿននៃការចរចា កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងចិននេះ ព្រោះកិច្ចព្រមព្រៀងមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដោយបើចំហបន្ថែមទៀតសម្រាប់ កសិផលនិងផលិតផលពីប្រទេសកម្ពុជាទៅប្រទេសចិននេះ  »៕