ជិត៣០ឆ្នាំមកនេះ ជំនួយឧបត្ថម្ភសម្រាប់សន្តិសុខមនុស្សជាតិជប៉ុនសម្រាប់កម្ពុជាមានដល់ជាង៦០០គម្រោង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកប្ពុជា បានឲ្យដឹងថា តាំងពីឆ្នាំ១៩៩១ រហូតមកដល់បច្ចុប្បន្ន ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានផ្តល់ជំនួយជាង៦០០គម្រោង តាមយៈជំនួយគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុនជំនួយឧបត្ថម្ភសុខមនុស្សជាតិ(ជំនួយគូសាណូណិ) សម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូចនៅកម្ពុជា។

ការបញ្ជាក់ឲ្យដឹងនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើជំនួយសរុបថវិកា២៧៦,២៦៦ដុល្លារ សម្រាប់គម្រោង សាងសង់អគារសិក្សាក្នុងអនុវិទ្យាល័យបន្ទាយប្រណាកខេត្តកំពង់ស្ពឺ និងគម្រោងសាងសង់ប្រព័ន្ធមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះ។

ឯកឧត្តម ឯកអគ្គរាជទូត បានបន្តថា សម្រាប់គម្រោង សាងសង់អគារសិក្សាក្នុងអនុវិទ្យាល័យបន្ទាយប្រណាកខេត្តកំពង់ស្ពឺ គឺរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ៩ម៉ឺន ដុល្លារសាងសង់អគារសិក្សា៦បន្ទប់ និងបង្គន់អនាម័យចំនួន២បន្ទប់ សំដៅធានាបាននូវបរិយាកាសសិក្សាប្រកបសុវត្ថិភាព និងមានផាសុកភាពជាងមុនសម្រាប់សិស្សានុសិស្ស។ ដោយឡែក គម្រោងសាងសង់ប្រព័ន្ធមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ គឺមានទឹកប្រាក់សរុបជាង១៨ម៉ឺនដុល្លារ សម្រាប់ធានាឲ្យបាននូវការទទួលបានទឹកស្អាតនិងអនាម័យ តាមរយៈការ សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងតម្លើងប្រព័ន្ធបណ្តាញចែកចាយទឹកនៅមណ្ឌលអភិវឌ្ឍន៍យោធិនក្នុងខេត្តបន្ទាយមានជ័យ ដោយរំពឹងថា ប្រជាជនប្រមាណ១៨០០

នាក់ ដែលភាគជាជនមានពិការភាពនឹងទទួលបានទឹកស្អាតប្រើប្រាស់។

សូមបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន បានតាំងចិត្តក្នុងការជួយប្រទេស និងប្រជាជនកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការរីកចំរើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈអនុវត្តគម្រោងដែលធានាដល់សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ជីវភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមសហគមន៍ ជាដើម។

ជំនួយឥតសំណងគូសាណូណិរបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា បានចាប់ផ្តើមដំបូង នៅឆ្នាំ ១៩៩១ ដើម្បី ចូលរួមដល់កិច្ចគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងកាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាជន កម្ពុជា។

គម្រោងជំនួននេះបាន ទៅ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងដែលធានាដល់សន្តិសុខ ស្បៀង សុវត្ថិភាពចំណីអាហារ ជីវភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមសហគមន៍ជាដើម៕