យុវជនក្រសួងព័ត៌មានគ្រោងបរិច្ចាគឈាមនៅថ្ងៃទី១៤កុម្ភៈ ក្រោមប្រធានបទ“ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់”

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០  ៖

សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ត្រៀមចូលរួមបរិច្ចាគឈាម នៅថ្ងៃទី១៤ ខែកុម្ភៈក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់” ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ និងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ ។

តាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន បានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីផ្តល់ឱកាសដល់យុវជននៃក្រសួងព័ត៌មានបានធ្វើសកម្មភាពមនុស្សធម៌តាម រយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០នៅក្នុងបរិវេណទីស្ដីការក្រសួងព័ត៌មាន។ 

ព្រឹត្តិការណ៍មនុស្សធម៌នេះក្នុងន័យចែករំលែកក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមកតាមរយៈការបរិច្ចាគឈាម និងសេចក្តីអាណិតអាសូរដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមសម្រាប់ការព្យាបាល និងជួយសង្រ្គោះជីវិតនៅតាមមន្ទីរពេទ្យនានា ។

សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន តំណាងអគ្គនាយកដ្ឋានទាំង៥ សូមចូលរួមផ្សព្វផ្សាយនិងបំផុសចលនាយុវជននៅតាមអគ្គនាយកដ្ឋានទាំង៥ និងថ្នាក់ដឹកនាំផ្សេងទៀត ដែលមានបំណងចូលរួមក្នុងសកម្មភាពនេះ អោយបានច្រើនកុះករហើយដោយស្ម័គ្រចិត្តចែករំលែកក្តីស្រឡាញ់តាមរយៈការបរិច្ចាគឈាម និងជំរុញចលនានេះអោយមានប្រសិទ្ធភាពខ្ពស់តាមការគួរ ៕