វត្តពាមជីកងត្រៀមប្រារព្ធពិធីសម្ពោធសមិទ្ធផលនានានៅចុងសប្ដាហ៍នេះ

វិទ្យុជាតិកម្ពុជា៖លោកស្រី ទុយ សូលីដា ០៤.០២.២០៖

វត្តនទីមង្គលរាម ហៅវត្តពាមជីកង ស្ថិតក្នុងឃុំ ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ត្រៀមប្រារព្ធពិធីសម្ពោធសមិទ្ធផលជាច្រើននៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ។

វត្តនទីមង្គលរាម ហៅ វត្តពាមជីកង នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស  ខេត្តកំពង់ចាមនៅ ថ្ងៃសៅរ៍ទី៨ ខែកុម្ភៈនេះនឹង ប្រារព្ធពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តម រួមមាន  ឧប្បដ្ឋានសាលា ផ្លូវបេតុង រូបចម្លាក់ ឆ្នាំទាំង១២ សួនច្បារនិងជណ្ដើរកែវ ដែលជាសមិទ្ធផលថ្មីៗទើបនឹងកសាងរួចនាឆ្នាំកន្លងមកនេះ។

ព្រះតេជគុណបញ្ញតិ សីលមង្គលោ  ក្រូច សុខ ព្រះចៅអធិការវត្តពាមជីកង បានមានសង្ឃដីការ ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា សមិទ្ធផលទាំងនេះត្រូវបានកសាងដោយពុទ្ធបរិស័ទចំណុះជើងវត្តនិងមានការចូលរួមពីក្រុមគ្រួសារ ឧបាសក លី ងួនកៅ និងឧបាសិកាស៊្រុន មីន ព្រមទំាងកូនចៅ   ដើម្បីបំរើផលប្រយោជន៍របស់ប្រជា ពលរដ្ឋ និងពុទ្ធបរិស័ទគោរពបូជាតាមគន្លងព្រះពុទ្ធសាសនា។

ព្រះតេជគុណបញ្ជាក់ថា ឧប្បដ្ឋានសាលាដែលទើបនឹងសាងសង់រួចនេះ មានផលប្រយោជន៍ខ្លំាងណាស់ដែលជាកន្លែងសំរាប់ លោកតា  លោកយាយ មកសំណាក់ធម៌  ជាពិសេសបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋបានជួបជុំគ្នាធ្វើបុណ្យទាន កសាងនូវអំពើល្អ ពិសេសជាកន្លែងសំរាប់ជនទីទាល់ក្រ ជនអនាថាបានស្នាក់អាស្រ័យ។ដូចជាផ្លូវថ្នល់ គឺបានបំរើអោយប្រជាពលរដ្ឋជិះឆ្លងកាត់ ព្រោះផ្លូវនៅក្រៅវត្ត នៅអែបរបងវត្តខាងក្រៅអញ្ចឹង បានប្រយោជន៍ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទួលទៅហើយនៅក្នុងវត្តដែលជាឧប្បដ្ឋានសាលាសំរាប់ពុទ្ធបរិស័ទមកធ្វើបុណ្យ ធ្វើទាននិងយាតាមកសមាទានសិល ដើម្បីបំពេញនៅកិច្ចការកុសលទាំងឡាយទាំងពួង និងសួនច្បារជណ្ដើរកែវបានក្លាយទៅជារមណីយដ្ឋានមួយដែលជាប់និងមាត់ទន្លេ បើសំរាប់ព្រះសង្ឃលោកបានគង់នៅ ហើយបានសិក្សារៀនសូត្រ ។

   ព្រះចៅអធិការវត្តពាមជីកង បានមានសង្ឃដីការបន្ដទៀតថា ដោយសារតែកត្តាសុខសន្ដិភាព និងភាពសប្បូសប្បាយនេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាព អាចរកប្រាក់ចំណូល និងមានប្រាក់ឧបត្ថម្ភ សំរាប់កសាងសមិទ្ឋផលនានាជាច្រើននៅក្នុងវត្តពាមជីកងនេះ សំរាប់ទុកឲ្យពុទ្ធបរិស័ទជិតឆ្ងាយប្រើប្រាស់។ 

    ព្រះចៅអធិការវត្តក៍សូមអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមមកចូលរួមនៅក្នុងពិធីបុណ្យឆ្លងឧប្បដ្ឋានសាលាឆាន់ ផ្លូវបេតុង រូបចម្លាក់ឆ្នាំទាំង១២ សួនច្បារនិងជណ្ដើរកែវនេះ អោយបានអធិកអធម តាមកម្លាំងសទ្ធាជ្រះថ្លា និងទទួលយកនូវផល្លានិសង្សរៀងៗខ្លួន ។

សូមបញ្ជាក់ថា វត្តនទឹមង្គលារាម ហៅ វត្តពាមជីកង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ពាមជីកង ឃុំពាមជីកង ស្រុកកងមាស  ខេត្តកំពង់ចាមត្រូវបានកសាងឡើងរហូតដល់ពេលនេះអស់រយៈពេលជិត២០០ឆ្នាំមកហើយ ចំពោះសមិទ្ធផលថ្មីៗដែលត្រូវធ្វើបុណ្យឆ្លងនៅថ្ងៃចុងសប្ដាហ៍នេះ ត្រូវបានចំណាយអស់ថវិកាសាងសង់ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕