ឯកឧត្តម​ នាង​ ផា​ត ​ដឹកនាំគណៈប្រតិភូ ទៅ​ចូល​រួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ លើកទី១៥ នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)​ កាលពី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមលេខា ធិការដ្ឋាន គណៈកម្មាធិការព្រំដែន​ទូទៅកម្ពុជា-ថៃ ​លើកទី១៥  ដែលប្រព្រឹត្តិទៅនៅ ព្រះរាជាណាចក្រថៃឡង់ដ៍ ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ជូនដំណើរគណៈប្រតិភូដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញនាឱកាសនោះរួម មាន៖ ឯកឧត្តម អគ្គនាយករង ក្រសួងការពារជាតិ, នាយទាហាន នាយទាហានរង ចំណុះក្រសួងការពារជាតិជាច្រើនរូប។

យោងតាមកិច្ចព្រមព្រៀងរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ គឺគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ(GBC)​ត្រូវបានកំណត់កិច្ចប្រជុំជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់វេនគ្នា ជាម្ចាស់ផ្ទះម្តងម្នាក់។ គោល​ដៅ​នៃ​កិច្ចប្រជុំ​ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេសការរក្សាសន្តិភាព ​ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង​២​ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែនរួមមាន៖ បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ដែលភាគីទាំង២ និងពុះពារស្វែងរកដំណោះស្រាយ និងមានវិធានការ ទប់ស្កាត់ ដើម្បីរក្សា និងធានាបាននូវស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ នៅតាមបណ្តោយ ព្រំដែនរួម នៃប្រទេស​ជិត​ខាង​ទាំងពីរ៕

ដោយ សំ សាម៉ន