លោក Erdogan ពិភាក្សាអំពីការវាយប្រហារទៅលើកងទ័ពតួកគី នៅក្នុងប្រទេសស៊ីរីជាមួយលោក ពូទីន

AKP ភ្នំពេញ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ — ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋបាល របស់លោក Erdogan ថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ​សមភាគីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារ។

យោងតាមរដ្ឋបាលលោក Erdogan បានកត់សម្គាល់ថា ការវាយប្រហារទៅលើបុគ្គលិកយោធាតួកគីនៅក្នុងប្រទេស​ស៊ីរីបានធ្វើឱ្យខូចខាតដល់កិច្ចប្រឹងប្រែងសន្តិភាពរួមគ្នានៅក្នុងតំបន់។ មេដឹកនាំតួកគីរូបនេះបាននិយាយបន្ថែមថា ទីក្រុង​អង់ការ៉ានឹងប្រើសិទ្ធិការពារខ្លួនក្នុងករណីមានការវាយប្រហារស្រដៀងគ្នានេះទៀត។

យោងតាមរដ្ឋមន្រ្តីការពារជាតិតួកគី លោក Hulusi Akar បានឱ្យដឹងថា កាលពីថ្ងៃចន្ទ កងអាកាសចរណ៍ នឹងកាំភ្លើង​ធំរបស់តួកគីបានរងការវាយប្រហារនៅគោលដៅចំនួន ៥៤ ក្នុងទីក្រុងអ៊ីដលីប (Idllib)។ ការវាយប្រហារនេះបានកើតឡើង​ជាការឆ្លើយតបនៃការបាញ់ផ្លោងរបស់កងទ័ពស៊ីរីទៅលើទីតាំងតួកគីនៅជិតសារ៉ាកគីប (Saraqib) ដែលក្នុងនោះបានធ្វើឱ្យ ទាហានតួកគី ៥នាក់ និងបុគ្គលិកស៊ីវិល ៣នាក់ស្លាប់។

មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីជម្លោះនៅក្នុងប្រទេសស៊ីរីបាននិយាយថា យោធាតួកគីបានរងការវាយ​ប្រហារដោយកម្លាំងរដ្ឋាភិបាលស៊ីរីកាលពីថ្ងៃចន្ទ ដោយសារតែភាគីតួកគីមិនបានជូនដំណឹងដល់រុស្ស៊ីអំពីចលនារបស់ខ្លួន។ កងកម្លាំងស៊ីរីបានបើកការបាញ់ប្រហារទៅលើក្រុមភេរវករដែលកំពុងដកថយទៅសារ៉ាក់គីប៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)