វិទ្យស្ថានស្រាវជ្រាវអាល្លឺម៉ង់និយាយថា ករណីមេរោគកូរ៉ូណាវីរុស អាចកើនឡើងថែមទៀត នៅក្នុងប្រទេសនេះ

AKP ភ្នំពេញ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ — កាលពីថ្ងៃអង្គារ វិទ្យាស្ថាន Robert Koch (RKI) ដែលជាទីភ្នាក់ងារសុខភាពសាធារណៈ របស់រដ្ឋា-ភិបាលអាល្លឺម៉ង់បាននិយាយថា ករណីអ្នកឆ្លងមេរោគកូរ៉ូណាវីរុសថ្មីអាចនឹងកើនឡើងថែមទៀតនៅក្នុងប្រទេសនេះ។

លោកស្រី Susanne Glasmacher អ្នកនាំពាក្យវិទ្យាស្ថាន RKI បានបង្ហាញថា «ការវិវឌ្ឍនៃស្ថានភាពនេះមិនអាចធ្វើ​ការព្យាករបានទេ។ ករណីអ្នកឆ្លងមេរោគថ្មីអាចធ្វើដំណើរចូលទៅក្នុងប្រទេសអាល្លឺម៉ង់។ ករណីអ្នកឆ្លងមេរោគបន្ថែមទៀត និងខ្សែសង្វាក់នៃការចម្លងនៅក្នុងប្រទេសអាល្លឺម៉ង់ក៏អាចកើនឡើងផងដែរ។ គ្រោះថ្នាក់សម្រាប់ប្រជាជនអាល្លឺម៉ង់ពីជំងឺផ្លូវ​ដង្ហើមថ្មីនេះនៅតែមានកម្រិតទាប ប៉ុន្តែការប៉ាន់ស្មាននេះអាចនឹងមានការផ្លាស់ប្តូរក្នុងរយៈពេលខ្លីដោយសារតែការរកឃើញ​ថ្មីៗ»។

លោកស្រី Glasmacher បាននិយាយបន្ថែមទៀតថា អ្នកជំងឺអាល្លឺម៉ង់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺឆ្លង កូរ៉ូណាវីរុស គឺមានវ័យក្មេង ហើយមិនស្ថិតក្នុងក្រុមហានិភ័យខ្ពស់នោះទេ។

រហូតមកដល់ពេលនេះ ប្រទេសអាល្លឺម៉ង់បានបញ្ជាក់អំពីករណីអ្នកមានមេរោគកូរ៉ូណាវីរុសនេះមានចំនួន ១២ករណី – ក្នុងចំណោមនោះ ១០ករណីត្រូវបានចុះបញ្ជីនៅភាគខាងត្បូងនៃរដ្ឋ Bavaria ខណៈដែល ២ករណីទៀត ត្រូវបានរកឃើញក្នុង​ចំណោមជនភៀសខ្លួនអាល្លឺម៉ង់ពីទីក្រុងវូហានរបស់ប្រទេសចិន។

មេរោគប្រភេទថ្មីនៃវីរុសនេះត្រូវបានគេរកឃើញដំបូងកាលពីខែធ្នូ ឆ្នាំមុន នៅក្នុងទីក្រុង Wuhan ហើយចាប់តាំងពីពេល​នោះមក វាបានរីករាលដាលដល់ជាង ២០ប្រទេស។ ការរាតត្បាតនេះបានធ្វើឱ្យមនុស្សជាង ២០.០០០នាក់ បានឆ្លងមេរោគ និងមនុស្សជាង ៤២០នាក់បានស្លាប់រួចទៅហើយ៕

(ប្រភព៖ Sputnik បកប្រែដោយលោក យា​ ចិន្តាខន្តី)