ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណានៅប្រទេសចិន ឡើងដល់ ៤៩០នាក់​ និងឆ្លងសរុបចំនួន ២៤.៣២៤នាក់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — វីរុសកូរ៉ូណាដែលបានរកឃើញកាលពីពេលថ្មីៗនេះ បានកើតនៅទីក្រុងវូហានរបស់​ប្រទេស​ចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមកបានរាលដាលដល់ ២៤ប្រទេស ហើយ​យ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ត្រូវបានចុះបញ្ជីនៅខាងក្រៅប្រទេសចិន។

ពួកអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសនេះ នៅក្នុងប្រទេស​ចិនបានកើនឡើងដល់ ៤៩០នាក់ និងឆ្លងសរុប ២៤.៣២៤នាក់ ព្រមទាំងចំនួន ៨៩២នាក់​បានធូរស្បើយឡើងវិញ។

កាលពីព្រឹកថ្ងៃអង្គារ គណៈកម្មាធិការសុខាភិបាលក្នុងតំបន់បាននិយាយថា ចំនួន​មនុស្ស​ដែលបានស្លាប់ដោយសារមេរោគឆ្លងថ្មី(Coronavirus)នៅក្នុងខេត្តហ៊ូប៉ីរបស់ប្រទេស​ចិន បានកើនឡើងដល់ ៤៧៩នាក់ ខណៈដែល ១៦.៦៧៨នាក់ បានឆ្លង និងអ្នកជំងឺ ៥២០នាក់ ត្រូវបានគេបញ្ជួនត្រឡប់ទៅវិញ។

ករណីថ្មីនៃវីរុសកូរ៉ូណាចំនួន ៣.១៥៦នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណនៅខេត្ត​ហ៊ូប៉ី កាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយមានមនុស្ស ១.៩៦៧នាក់ ក្នុងចំណោមពួកគេទាំងនោះ​បានចុះឈ្មោះនៅទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះការឆ្លងនេះ។

គណៈកម្មាធិការសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមម៉ោង ២៤ និង ០០នាទី ថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០២០ ខេត្តហ៊ូប៉ីបានរាយការណ៍ថា មានករណីរលាក​សួត​ចំនួន ១៦.៦៧៨ករណី​ ជាមួយនឹងការឆ្លងវីរុសកូរ៉ូណា ដែលក្នុងនោះមាន ៨,៣៥១នាក់ នៅទីក្រុងវូហាន និង ៦៦.៧៦៤នាក់ កំពុងស្ថិតក្នុងការតាមដានពិនិត្យសុខភាពនៅឡើយ។

វីរុសកូរ៉ូណា ដែលត្រូវបានគេដាក់ឈ្មោះថា 2019-nCov ត្រូវបានគេស្គាល់អត្តសញ្ញាណ​ដំបូង​នៅទីក្រុង Wuhan កាលពីខែធ្នូ។ ចាប់តាំងពីពេលនោះមក មនុស្សចំនួន ១៧៦នាក់​នៅក្នុងប្រទេសចំនួន២៤ បានឆ្លងជំងឺនេះ ដោយករណីស្លាប់មួយត្រូវបានគេចុះបញ្ជីនៅក្នុង​ប្រទេស​ហ្វីលីពីន។

ជាវិធានការណ៍ប្រុងប្រយ័ត្នជាមុន ប្រទេសជាច្រើនបានដាក់កម្រិតលើចរាចរណ៍​ជាមួយ​ប្រទេសចិន​ និងណែនាំនូវបទប្បញ្ញត្តិនានា ស្តីពីសន្តិសុខនៅអាកាសយានដ្ឋាន ​ដើម្បី​ត្រួតពិនិត្យអ្នកដំណើរដែលមកដល់សម្រាប់ជំងឺនេះ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)