ជប៉ុនធ្វើតេស្តរកឃើញមនុស្ស ១០ នាក់បានឆ្លងវីរុសកូរ៉ូណាថ្មី នៅលើនាវាកម្សាន្តដ៏ធំមួយដែលចុះចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama)

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


រដ្ឋមន្ត្រីសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា អ្នកដំណើរយ៉ាងហោចណាស់ ១០ នាក់នៅលើនាវាទេសចរណ៍មួយឈ្មោះ ដាយមិនដ៍ ព្រីនសេស (Diamond Princess)ដែលចូលចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama) បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មីនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក កាស៊ុណូបុ កាតូ (Katsunobu Kato) រដ្ឋមន្ត្រីសុខាភិបាលជប៉ុនបានឲ្យដឹងទៀតថា ក្រុមមន្ត្រីសុខាភិបាលបានចូលទៅក្នុងនាវាទេសចរណ៍នោះ ដើម្បីធ្វើតេស្តរកករណីឆ្លងវីរុសកូរ៉ូណាថ្មី លើអ្នកដំណើរទាំងអស់ចំនួន ២,៥០០នាក់ និង ១,០០០នាក់ទៀតជាសមាជិកក្រុមនាវិក។ជាលទ្ធផលរកឃើញថាមានមនុស្ស១០ នាក់មានវីរុសកូរ៉ូណាថ្មី ហើយពេលនេះយើងបានបញ្ជូនពួកគេទៅអង្គការវេជ្ជសាស្រ្តដើម្បីតាមដានសុខភាព។
សូមបញ្ជាក់ថា ការចុះពិនិត្យសុខភាពលើអ្នកដំណើរទាំងអស់ ធ្វើឡើងក្រោយអ្នកដំណើរជាបុរសម្នាក់អាយុ ៨០ឆ្នាំមកពីហុងកុងត្រូវបានគេរឃើញថា បានឆ្លងវីរុសកូរ៉ូណាថ្មី។យ៉ាងណាក៏ដោយ លោក កាស៊ុណូបុ កាតូ (Katsunobu Kato) រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនក៏កំពុងត្រៀមពង្រីកវិសាលភាពនៃការតាមដានវីរុសកូរ៉ូណាថ្មីរបស់ខ្លួនផងដែរក្នុងការជួយសង្រ្គោះអ្នកដែលរកឃើញថាបានឆ្លងវីរុសនេះ៕
ប្រភព៖សារព័ត៌មាន Channel News Asia