សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា៦នាក់ទៀតនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២៤នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ប្រទេសសិង្ហបុរីបានប្រកាសពីករណីថ្មីចំនួន ០៦ទៀតនៃវីរុសកូរ៉ូណា ដែលក្នុងនោះមាន 0៤ករណីជាករណីដំបូង នៃការឆ្លងនៅក្នុងប្រទេសសិង្ហបុរីផ្ទាល់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។ករណីឆ្លងថ្មីចំនួន ០៦ទៀតនៃវីរុសកូរ៉ូណាថ្មីនៅសិង្ហបុរីនេះ មានអ្នករស់នៅសិង្ហបុរី ០៤នាក់ដែលមិនធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង វូហាន (Wuhan) ឫប្រទេសចិនឡើយ។ក្នុងចំណោមអ្នកជម្ងឺទាំង ០៤ មានម្នាក់ជាមគ្គុទ្ទេសក៍ទេសចរណ៍ ដែលបាននាំអ្នកទេសចរចិនមួយក្រុមដើរកម្សាន្តនៅសិង្ហបុរី និងអ្នកជម្ងឺពីរនាក់ទៀតធ្វើការនៅហាងមួយដែលមានក្រុមទេសចរចិន ចំណែកអ្នកជម្ងឺទី៤វិញគឺជាជនជាតិឥណ្ឌូណេស៊ីជាអ្នកបម្រើតាមផ្ទះ។ដោយឡែក ចំពោះ០២ករណីទៀតជាជនជាតិសិង្ហបុរី ដែលទើបជម្លៀសចេញពីទីក្រុង Wuhan។
សូមបញ្ជាក់ថា ករណីអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV ដែលត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី បានកើនដល់ ២៤នាក់ហើយ ខណៈករណី១៨នាក់មុនសុទ្ធតែករណីឆ្លងពីក្នុងប្រទេសចិនផ្ទាល់៕ប្រភព៖សារព័ត៌មាន Channel News Asia