សម្តេចតេជោ ហ៊ុន សែន បង្ហាញពីហេតុផលដែលសម្ដេចមិនទៅកាន់ទៅទីក្រុងវូហាន

វិទ្យុជាតិកម្ពុជា៖ដោយលោក ហោ សេងគ្រី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថាតាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះសម្ដេចគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។
ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកម៉ិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។
តាមផេកហ្វេប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបន្តថា ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។
សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ៕