ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីកើនដល់២៤,៣២៤ ករណី ខណៈចំនួនមនុស្សស្លាប់កើនដល់៤៩០នាក់នៅប្រទេសចិន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹង នៅថ្ងៃទី០៥ខែកុម្ភៈនេះថា ចំនួនមនុស្សឆ្លងវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនបានកើនឡើងដល់ ២៤,៣២៤ នាក់ហើយខណៈចំនួនមនុស្សស្លាប់កើនដល់៤៩០នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
តាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់គណៈកម្មាធិការសុខភាពជាតិរបស់ចិនបានឲ្យដឹងទៀតថា ចំនួននៃការឆ្លង បានឈានដល់ ២៤.៣២៤ ករណីទូទាំងប្រទេសដោយមានករណីថ្មីចំនួន ៣,៨៨៧ ករណី ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតំបន់ ៣១ ទូទាំងប្រទេសចិន។
សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន ទីក្រុងហុងកុង តៃវ៉ាន់ និងម៉ាកាវ ជំងឺផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានរាលដាលទៅដល់ប្រទេសចំនួន ២៣ផ្សេងទៀតផងដែរ៕
ប្រភព៖សារព័ត៌មាន Channel News Asia