សាធារណរដ្ឋកូរ៉េ គាំទ្រកម្ពុជា ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប​នៅចុងឆ្នាំ២០២០នេះ AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ —  ឯកឧត្តម មូន ចេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មា​ន​ប្រ​សាសន៍ថា  រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្ដល់ការគាំទ្រយ៉ាងសកម្ម ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូលអាស៊ីអឺរ៉ុបនៅកម្ពុជានៅចុងឆ្នាំ២០២០នេះ។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាករដ្ឋមន្ត្រី បន្ទា​ប់​ពី​​ជំនួបពិភាក្សាការងារ របស់ឯកឧត្ដម ឯកឧត្តម មូន ចេអ៊ីន (Moon Jae-In) ប្រធានា​ធិ​ប​តី​នៃ​សាធារណរដ្ឋកូរ៉េ និងសម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះ​រា​ជា​ណា​​ចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្នុង​ខ​ណៈដែលសម្ដេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ​ចូលរួមកិច្ចប្រជុំកំពូលពិភព​លោកឆ្នាំ​២០២០ នៃអង្គ​កា​រ​​ស​ហ​ព័​ន្ធ​ស​ន្តិ​ភាពសកល ស្ដីពី​ស​ន្តិភាព សន្តិសុខ និងការអភិវឌ្ឍ​មនុស្ស​។

ក្នុងជំនួបនោះ  ឯកឧត្តម មូន ចេអ៊ីន បានស្វាគមន៍ចំពោះសម្ដេចតេជោ និងរីករាយ​ដែល​បា​ន​ជួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ។ ឯកឧត្តមប្រធានាធិបតី​ក៏បាន​បួង​សួ​ង​​​សូមឱ្យសុខភាពម្ដាយក្មេករបស់សម្ដេចបានធូរ​និងជាសះស្បើយឆាប់​ខាងមុខនេះ។ ឯកឧត្ត​ម​​​ប្រធានាធិបតីកូរ៉េ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ដែលជា​គំនិតផ្តួច​ផ្តើ​ម​រប​ស់​​សម្តេចតេជោបានដំណើរការទៅដោយជោគជ័យ និងបានអរគុណ​សម្ដេចតេជោ​ចំពោះការ​ផ្ដួ​ច​ផ្ដើមគំនិតនៅក្នុងការរៀបចំកិច្ចប្រជុំលើកដំបូង ដែលបានប្រព្រឹត្ត​ទៅកាលពីខែវិច្ឆិ ឆ្នាំ២០​១៩​​កន្លង​ទៅ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានអនុវត្តន៍នូវ​គំនិត​ផ្ដួចផ្ដើមរបស់​សម្ដេច​តេ​ជោ​ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់​ចំពោះគំនិតផ្ដួច​ផ្ដើមនេះ។ ពាក់ព័ន្ធជាមួយ​នឹ​ង​​កិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងប្រទេសទាំងពីរ បាន​ឡើ​ង​ដល់កម្រិតមួយចាស់​ទុំ និងបានបញ្ចប់កិច្ចព្រមព្រៀង​ពាក់ព័ន្ធជាមួយនឹង​ការផ្តល់ជំនួយ​ផ្នែ​កច្បាប់ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការមិនយកពន្ធត្រួតគ្នា​រវាងប្រ​ទេ​ស​ទាំងពីរផងដែរ។ ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក៏បានសម្ដែងនូវក្ដី​រីករាយចំ​ពោះ​​ដំ​ណើរ​ការ​នៃ​ទំនាក់​ទំនងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផង​ដែ​រ។ ឯកឧត្តមបាន​បញ្ជាក់បន្ថែមថា រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្ដល់ការគាំទ្រយ៉ាង​សកម្មចំពោះការធ្វើ​ជា​​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅកម្ពុជានៅចុងឆ្នាំនេះ។ ឯកឧត្តមសង្ឃឹមថា កម្ពុជា​នឹ​ង​​គាំ​ទ្រកិច្ចប្រជុំពាក់ព័ន្ធនៃកំណើនសេដ្ឋកិច្ចបៃតងដែលនឹងរៀបចំនៅប្រទេសកូរ៉េ នៅ​ចុងឆ្នាំ​នេះ​​ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណរដ្ឋាភិបាលកូរ៉េ ដែលបាន​អញ្ជើញ​សម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ពិភពលោក។ សម្ដេចតេជោនាយក​រដ្ឋ​ម​ន្ត្រី​ក៏​បានបញ្ជាក់ដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង​មិត្តភា​ព​ កិច្ចសហប្រតិបត្តិការ ដែលរដ្ឋាភិបាលកូរ៉េបានផ្ដល់ដល់កម្ពុជា។ សម្ដេចតេជោក៏អរគុណ​ផ​ង​ដែរចំពោះការយល់របស់ឯកឧត្តមប្រធានាធិបតីកូរ៉េ ចំពោះអវត្តមានរបស់សម្ដេច ក្នុងការ​ចូ​ល​រួមប្រជុំកំពូលអាស៊ាន-កូរ៉េកាលពីខែវិច្ឆិកា ២០១៩ កន្លងទៅនេះ។ សម្ដេចតេជោ​បានបញ្ជា​ក់​​ទៀត​ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅ ពេញ​លេ​ញ ក្រោយពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ និងមានកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេស​ទាំ​ងពីរ​ដែលបានចុះជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពី​រ។ សម្ដេចតេជោបានសម្ដែងនូវការ​រីករាយ ដែលបានឃើញកិច្ចព្រមព្រៀងការមិន​យកពន្ធ​ត្រួ​ត​គ្នា ត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយ​ស្រួ​ល​ សម្រាប់អ្នកវិនិយោគប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។ សម្ដេចបានគូស​បញ្ជា​ក់​ថា​ ការ​កែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោគ ហើយសង្ឃឹមថា ឯ​ក​​ឧត្តមប្រធានាធិបតី នឹងជួយជំរុញឱ្យអ្នកវិនិយោគិនកូរ៉េបន្តមកដាក់ទុនវិនិយោគ​នៅកម្ពុជា​។ សម្ដេចតេជោបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានបន្តកើនឡើងនៅ​ឆ្នាំ​២០​១៩ កន្លងទៅ ក្នុងន័យនេះសម្ដេចតេជោចង់ឃើញឱ្យមាន​ការនាំចេញផលិតផលរបស់​កម្ពុ​ជា​បន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ។ កម្ពុជាបាននាំស្វាយស្រស់ទៅកាន់ទីផ្សារកូរ៉េ កាលពីដើម​ឆ្នាំ​កន្លងទៅ ដែលក្នុងនេះសម្ដេចបានត្រេកអរចំពោះការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារកូរ៉េ ហើយសម្ដេចតេជោក៏ចង់ឃើញការបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យកសិកម្ម នៅប្រ​ទេ​សកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមប្រធានាធិបតីកូរ៉េ ជួយគាំទ្រ​ក្នុង​ការពង្រឹងការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជា ជាពិសេសកិច្ច​សហ​ប្រតិបត្តិ​កា​​រ​លើវិស័យកសិកម្ម និងជំរុញការកែច្នៃផលិតផលកសិកម្មសម្រាប់នាំ​ចេញមកកាន់​កូរ៉េផង​ដែ​រ​។ ទន្ទឹមនេះ សម្ដេចតេជោក៏ស្នើឱ្យកូរ៉េបន្ត បន្តកិច្ចព្រមព្រៀងចាស់​ពាក់ព័ន្ធ​វិស័យទេសចរណ៍ ក្នុងការបន្ត​ពង្រឹ​ង​កិ​ច្ច​​សហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃ​ប្រទេសទាំងពីរ។ ក្នុងន័យនេះសម្តេចតេ​ជោ​នា​​យករដ្ឋមន្ត្រី ចង់ឃើញកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែម​ទៀ​ត​។ ពាក់ព័ន្ធជាមួយនឹងវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ សម្ដេចតេជោបាន​អរគុណដល់រដ្ឋាភិ​បា​ល​កូរ៉េ ដែលបានជួយក្នុងការផ្ដល់ឥណ​ទាន​ដល់កម្ពុជា ជាពិសេសចាប់ពីឆ្នាំ ២០១៩ ដល់២០​២​០ មានការកើនឡើងពី៣៥០ ទៅ៧០០ លានដុល្លារអាម៉េរិក ដែលនឹងជួយក្នុងការ​ត​ភ្ជា​​ប់នឹងពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា​ពីខេត្តមួយ ទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨​ផងដែរ។ ពាក់ព័ន្ធជាមួយនឹងបញ្ហាធនធានមនុស្ស ស​ម្ដេ​ចតេជោ អរគុណដល់រដ្ឋាភិបាល​កូរ៉េដែលបានផ្ដល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា និង អរគុណដល់កូរ៉េដែលបានផ្ដល់​ការ​គាំទ្រចំពោះ​ពលករកម្ពុជានៅធ្វើការនៅកូរ៉េ។ សម្ដេច​តេ​​ជោ​​ក៏​បាន​ស្នើឱ្យមានជំរុញកិច្ច​ព្រមព្រៀងពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម ក្នុងការបន្តពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឱ្យកាន់តែមានទំហំធំថែមទៀត។ ជាងនេះ​ទៀ​​ត​ សម្ដេចក៏ចង់ឃើញ​សាធារណ​រដ្ឋកូរ៉េ ជួយសាងសង់ស្ពានដែលធ្វើឡើង ដោយសាធារ​ណ​រដ្ឋកូរ៉ ជាពិសេសស្ពានឆ្លងកាត់​ទន្លេមេគង្គ ត្បិតបច្ចុប្បន្នកម្ពុជា មានស្ពានមិត្តភាពកម្ពុជា-ចិ​ន​ ស្ពានមិត្តភាពកម្ពុជា ជប៉ុន។ សម្ដេចតេជោស្នើឱ្យរដ្ឋាភិបាលកូរ៉េ ពិចារណាក្នុងការជួយ​ការ​ក​សា​ងស្ពាននៅពេលខាង​មុខផងដែរ។

ឯកឧត្តម មូន ចេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បាន​ស​ម្ដែ​ង​នូវ​ការ​រីករាយ ដែលកូរ៉េបានបង្កើតមជ្ឈមណ្ឌលកសិកម្មនៅកម្ពុជា ធ្វើឱ្យប្រជា​ព​ល​រដ្ឋ​កូរ៉េកាន់​តែ​រីក​រាយ ជាមួយនឹងផលិតផលផ្លែស្វាយពីប្រទេសកម្ពុជា និងទិន្នផលផលិតផល​ផ្សេ​ង​ទៀតពី​ក​ម្ពុ​ជា​ផងដែរ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ភាគីទាំងពីរមានឱកាសក្នុងការ​ធ្វើ​កិច្ចសហ​ប្រ​តិ​​បត្តិការលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជាបន្ថែមទៀត។ ឯក​ឧត្ត​​មបញ្ជាក់ថា នឹង​ខិតខំជំរុញឱ្យវិនិយោគិន និងក្រុមហ៊ុនកូរ៉េមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់​តែ​​ច្រើន និងការចាប់យកឱកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាផងដែរ។​ឯក​ឧត្ត​មប្រថានាធិបតីសាធារណរដ្ឋកូរ៉េ បានអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់​គោល​ការណ៍៣ របស់រដ្ឋាភិបាលកូរ៉េ ជាពិសេសក្នុងការធ្វើយ៉ាងណា ប្រែក្លាយជាឧបទ្វីបកូរ៉េ ទៅ​ជាឧបទ្វីប ដែលមានសន្តិភាព ហើយសង្ឃឹមថា វឌ្ឍនភាពនៃឧបទ្វីបកូរ៉េនឹងបន្តដំណើរការ​ទៅ​​មុខទៀត។ ទន្ទឹមនេះដែរ ឯកឧត្ដមក៏បានអរគុណដល់កម្ពុជា ក្នុងការជួយអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​របស់កូរ៉េ ហើយកូរ៉េ​នឹងបន្តការយកចិត្តទុកដាក់ចំពោះពលកររបស់​កម្ពុជាដែលកំពុង​ធ្វើកា​រ​​​នៅ​ក្នុងប្រទេសកូរ៉េផងដែរ​។​ពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍ទៅលើអនុស្សរណៈដែល​បានចុះកាលពីឆ្នាំ២០០៦ ឯកឧត្ដមបានបញ្ជាក់ថា យើងនឹងបន្តធ្វើការជាមួយគ្នា​បន្ថែ​ម​ទៀត​នៅពេលខាងមុខ។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់សា​ធា​រ​ណ​​រដ្ឋកូរ៉េ​ ដែលចុះបញ្ជីទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ២១៥គម្រោង ក្នុងទំហំទឹក​ប្រាក់​ជិត ៥ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះមាន ១២៣គម្រោងវិនិយោគលើរោង​ចក្រជា​មួ​យ​​ទុនវិនិយោគ ៤៨៦លានដុល្លារ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង៕

ដោយ ជឹម ណារី