ខេត្តកំពង់ចាមបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែ ស្ថិតក្នុងស្រុកជើងព្រៃ គាំទ្រដោយគម្រោង TSDD-AF

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម
គម្រោងផ្លូវក្រាលកៅស៊ូ (SBST) ប្រវែង ២,៥០៨ម៉ែត្រ ស្ថិតក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាំទ្រដោយគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ បានបើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
លោក ប្រាក់ សារ៉ុម មេឃុំស្ដើងជ័យ បានឲ្យដឹងថា ផ្លូវ ១ខ្សែ ដែលត្រូវដាក់ឲ្យដំណើរកសារសាងសង់នាពេលនេះ ស្ថិតនៅក្នុងឃុំស្ដើងជ័យ ឆ្លងកាត់ ៣ភូមិ គឺ ៖ ភូមិពង្រ ស្ដើងជ័យ និងភូមិប្របឹង ប្រវែង ២,៥០៨ម៉ែត្រ ដោយចំណាយថវិកាប៉ាន់ស្មាន ប្រមាណជា ២១.៩២៤ដុល្លារអាមេរិក ។
ក្នុងពិធីបើកការដ្ឋានសាងសង់ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី ដ៏ធំធេងតាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ ។
លោក មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវកៅស៊ូមានប្រវែង ២.៥០៨ម៉ែត្រ ទទឹង ៤ម៉ែត្រនេះ បានចំណាយពេលវេលាអស់ជិតមួយឆ្នាំ ដែលក្រុមការងារគាំទ្រគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ពិសេស ថ្នាក់ជាតិរួមជាមួយ និងសេវាករទី៦ បានខិតខំសិក្សាវាស់វែង គូសប្លង់បច្ចេកទេស រហូតដល់បានដាក់ដេញថ្លៃ និងមានការចូលរួម ពីបង ប្អូនប្រជាពលរដ្ឋសាងខាងផ្លូវ ដែលបានបរិចាកដោយស្ម័គ្រចិត្ត នូវផលប៉ះពាល់នានា ។ សមិទ្ធិផលមួយនេះគឺ ជាការខិតខំប្រឹងប្រែងរបស់ អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលជាការលើក នូវមុខមាត់ថ្មីមួយទៀតសម្រាប់រដ្ឋបាលឃុំស្តើងជ័យ ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងឃុំ រស់នៅតាមដងផ្លូវ បានកាន់តែប្រសើរឡើង ធ្លាប់តែប្រើប្រាស់ផ្លូវដីក្រហម ហើយហុយ នឹងបានប្រែក្លាយជាផ្លូវកៅស៊ូ ដែលអាចជួយឲ្យសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន តាមរយៈ ការកាត់បន្ថយនូវការចំណាយ លើការដឹកជញ្ជូនការធ្វើដំណើរ របស់លោកយាយ លោកតា បងប្រុស បងស្រី ពុកម៉ែ កាន់តែមានភាពងាយស្រួល ទៅរកទីប្រជុំជន ហើយធ្វើឲ្យជីវភាព កាន់តែប្រសើរឡើង ។ ដោយឡែក បច្ចុប្បន្ននេះ កម្ពុជាកំពុងទទួលបាននូវសុខសន្តិភាព មានសន្តិភាព ប្រជាពលរដ្ឋរស់នៅ ក្នុងភាពកក់ក្ដៅ ។ មានសន្តិភាព ប្រជាពលរដ្ឋមានអំណាច ក្នុងការចូលរួមសម្រេច នូវជោគវាសនាអនាគតខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។ មានសន្តិភាព ប្រជាពលរដ្ឋ មានក្ដីសង្ឃឹម សម្រាប់ការអភិវឌ្ឍរីកចំរើនលើជីវភាពគ្រួសារ និងសង្គមជាតិ ដែលកត្តាទាំងអស់នេះហើយ ដែលប្រជាពលរដ្ឋគ្រប់ៗរូបប្រាថ្នាចង់បាន។ ប៉ុន្តែ សព្វថ្ងៃនេះយើងទទួលបាននូវសុខសន្តិភាពហើយ ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាទាំងអស់គ្នា ឲ្យខាងតែបាន ។ លោកអភិបាលរងខេត្ត បានស្នើទៅដល់ក្រុមហ៊ុន ទទួលបានកិច្ចសន្យា ចូលរួមអនុវត្ត ទៅតាមផែនការ ជាពិសេស អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមគំនូសប្លង់បច្ចេកទេស ដើម្បី ឲ្យផ្លូវមានគុណភាពប្រើប្រាស់បានយូរឆ្នាំ ។ ជាងនេះទៀត ក្រុមហ៊ុនត្រូវសហការ និងសម្របសម្រួលជាមួយក្រុមការងារគាំទ្រគម្រោងទាំងអស់ ឲ្យបានល្អប្រសើរ ។ក្រៅពីនោះ ក៏ស្នើទៅដល់លោកមេឃុំ ត្រូវចាត់ចែងក្រុមប្រឹក្សា ១រូប ដើម្បី ជួយសម្របសម្រួល និងដោះស្រាយ បញ្ហានានា នាពេលអនុវត្ត ជាពិសេស ត្រូវតាមដានត្រួតពិនិត្យ ការអនុវត្តគម្រោង ឲ្យបានជាប្រចាំ ៕