សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល

វិទ្យុជាតិកម្ពុជា៖

នៅព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ លោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល។
បើតាមឯ.ឧកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នាំពាក្យប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនោះថា នៅក្នុងជំនួបគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែបម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា​សន៍ថា បញ្ហានៃការបម្រែបម្រួលអាកាស ធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស​ គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។ សម្តេចតេជោ និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាផ្សេងៗទៀត ដែលជាកង្វល់ពិតប្រាកដករបស់សម្តេច និងលោកស្រី។
កក្នុងកិច្ចសន្ទនាគ្នានោះដែរ លោកស្រី ហាក់ ចា ហានមូន ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ស្រប​ពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន​។
ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់លោកស្រី ​ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ។
សម្តេចតេជោបន្តថា កាលពីឆ្នាំ២០១៣-២០១៤ កន្លងទៅ នៅពេលដែលប្រទេសកូរ៉េខាងជើង គំរាមធ្វើសង្រ្គាមមកលើសាធារណរដ្ឋកូរ៉េ គេបានទាមទារឲ្យសម្តេចអន្តរា​គមន៍ជន្លៀសជនជាតិកម្ពុជា នៅសាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់កម្ពុជាវិញ តែសម្តេចយល់ពីអារម្មណ៍ និងភាពភ័យខ្លាចដែលថ្នាក់ដឹកនាំ និងពីប្រជាជនមួយចំនួន។
សម្តេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចគ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។ នៅពេលនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីមិត្តចិនថា តេីអនុញ្ញាតអោយទៅសួរសុខទុក្ខឬមិនអនុញ្ញតអោយទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់អោយនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនអោយមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក។