អធិការបតីអាល្លឺម៉ង់ លោកស្រី Merkel ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរសន្ធិសញ្ញានានា របស់សហភាពអឺរ៉ុប ខណៈដែលចក្រភពអង់គ្លេសដកខ្លួនចេញពីប្លុក

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — បន្ទាប់ពីមានឧបសគ្គ និងភាពមិនច្បាស់លាស់អស់រយៈពេលជាង ៣ឆ្នាំ នៅពេលនេះចក្រភពអង់គ្លេសបានសម្រេចដកខ្លួនចេញពីសហភាពអឺរ៉ុបហើយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២០ ដោយបើកផ្លូវសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចថ្មីជាមួយបណ្តាប្រទេសនៅក្នុងប្លុកនេះ និងប្រទេសដទៃទៀត។ នៅពេលកិច្ចពិភាក្សា ពាណិជ្ជកម្មជិតមកដល់ហើយនោះ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក ចនសុន បាននិយាយថា ចក្រភពអង់គ្លេសនឹងមិនធ្វើឱ្យអន្តរាយដល់បទដ្ឋានរបស់សហភាពអឺរ៉ុបទេ ខណៈដែលមានកិច្ចព្រមព្រៀងថ្មីបន្ទាប់ពីការដកខ្លួនចេញរបស់ចក្រភពអង់គ្លេស ។

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានថ្លែងកាលពីថ្ងៃចន្ទថា លោកស្រីមានឆន្ទៈក្នុងការផ្លាស់ប្តូរបណ្តាសន្ធិសញ្ញានានារបស់សហភាពអឺរ៉ុប ប្រសិនបើលោកស្រីមានការចាំបាច់ ដោយនៅពេលនេះ Brexit ត្រូវបានគេអនុវត្តន៍ហើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអធិការបតីអូទ្រីស លោក Sebastian Kurz លោកស្រី Merkel បាននិយាយបន្ថែមថា ការលែងលះរបស់អង់គ្លេសចេញពីប្លុកនេះ មានន័យថា សហភាពអឺរ៉ុបត្រូវការជំរុញការប្រកួតប្រជែងរបស់ខ្លួន នឹង«ធ្វើសកម្មភាពឱ្យបានលឿនជាងមុន»។

លោកស្រី Merkel បាននិយាយថា «ខ្ញុំអាចស្រមៃបានថា ការផ្លាស់ប្តូរសន្ធិសញ្ញានានាគួរតែជារឿងចាំបាច់»។

សេចក្តីថ្លែងការណ៍របស់លោកស្រី Merkel បានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson បានសន្យារក្សា «ស្តង់ដារខ្ពស់បំផុត» ទាក់ទងនឹងគោលនយោបាយការប្រកួតប្រជែង ការឧបត្ថម្ភធន ការគាំពារសង្គម និងបរិស្ថាន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគតជាមួយសហភាពអឺរ៉ុប។ ទោះជាយ៉ាងណា លោកបានទទូចថា ទីក្រុងឡុងដ៍នឹងមិនគោរពតាមច្បាប់របស់ EU ក្រោមកិច្ចព្រមព្រៀងនាពេលអនាគតនោះទេ៕

(ប្រភព៖ Sputnik បកប្រែដោយលោក យា​ ចិន្តាខន្តី)