លោក បូរីស ចនសុន អះអាងថា ចក្រភពអង់គ្លេសមិនធ្វើឱ្យស្តង់ដារសហភាពអឺរ៉ុប ចុះអន់ខ្សោយនោះទេ ស្របពេលដែលមានកិច្ចពិភាក្សាពាណិជ្ជកម្ម

AKP ​ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — បន្ទាប់ពីចក្រភពអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប ឥឡូវនេះទីក្រុងឡុងដ៏ មានភារកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបរទេស រួមទាំងសហភាពអឺរ៉ុបផងដែរ ក្នុងអំឡុងពេលផ្លាស់ប្តូរនេះ។

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានប្តេជ្ញានៅក្នុងសុន្ទរកថាមួយថា ទីក្រុងឡុងដ៍នឹងមិនធ្វើឱ្យស្តង់ដារសហភាពអឺរ៉ុបចុះខ្សោយនោះទេ។ ខណៈដែលលោក ចនសុន បានអះអាងថា ចក្រភពអង់គ្លេសមិនមានបំណង ដើម្បីអនុវត្តន៍ទស្សនៈផ្ទាល់ខ្លួនទៅលើសហភាពអឺរ៉ុបអំពីរបៀបដែលពាណិជ្ជកម្មសេរីគួរតែមានលក្ខណៈបែបណានោះទេ គាត់ក៏នៅតែរិះគន់គោលនយោបាយសេដ្ឋកិច្ចជាក់លាក់នៃរដ្ឋអឺរ៉ុបមួយចំនួនផងដែរ។

លោកបាននិយាយថា «ក្រឡេកទៅមើលជំនួយរបស់រដ្ឋ បារាំងចំណាយច្រើនជាងទ្វេដងទៅលើជំនួយរបស់រដ្ឋ ខណៈដែលចក្រភពអង់គ្លេស និងអាល្លឺម៉ង់ចំណាយច្រើនជាងបីដង។ តើអ្នកណាកំពុងប្រើការឧបត្ថម្ភធនដើម្បីកាត់ជំនួស? មិនមែន ចក្រភពអង់គ្លេសទេ»។

លោកនាយករដ្ឋមន្រ្តីរូបនេះបាននិយាយបន្ថែមថា ទីក្រុងឡុងដ៍មិនមានគម្រោងអនុវត្តន៍តាមបទប្បញ្ញត្តិរបស់សហភាព អឺរ៉ុបក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលអនាគតនោះទេ ប៉ុន្តែបានសន្យាថា នឹងនៅតែប្រកាន់ខ្ជាប់នូវ «ស្តង់ដារខ្ពស់បំផុត» ទាក់ទងនឹងគោលនយោបាយការប្រកួតប្រជែងការឧបត្ថម្ភធន ការគាំពារសង្គម និងបរិស្ថាន។ ផ្ទុយទៅវិញ លោកបានស្នើឱ្យមានវិធីសាស្រ្ត «រលូន និងគ្មានការដោះស្រាយ» នៃការដោះស្រាយភាពខុសគ្នាខាងពាណិជ្ជកម្មនៅខាងក្រៅ តុលាការយុត្តិធម៌អឺរ៉ុប។

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសបាននិយាយបន្តថា លោកនឹងត្រូវចរចាក្នុងនាម «ក្រុមគ្រួសារអង់គ្លេស» រួមទាំង Gibraltar នៅក្នុងកិច្ចចរចាពាណិជ្ជកម្មនេះ។ លោកបានបញ្ជាក់ទៀតថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយ អូស្រ្តាលីស្ថិតក្នុងចំណោមអាទិភាពកំពូលទាំងបួនរបស់ទីក្រុងឡុងដ៍នាពេលនេះ។

លោក ចនសុន ក៏បានការពារវិធីសាស្រ្តពាណិជ្ជកម្មសេរីចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាប្រទេសទាំងនេះ ដោយលើកហេតុផលថា ថ្មីៗនេះខ្លួនបានរងការវាយប្រហារយ៉ាងខ្លាំងពីក្រុមអ្នកការពារនិយម។ លោកបានស្តីបន្ទោស ទីក្រុងព្រុចសែល ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ចំពោះការដាក់ពន្ធគយយ៉ាងគំហុកទៅលើទំនិញរបស់រដ្ឋដទៃទៀត ដោយលោកទទូចថា ការរីកសាយនៃរបាំងមិនយកពន្ធ គឺកំពុងធ្វើឱ្យខ្យល់ចេញពីសំបកកង់នៃសេដ្ឋកិច្ចពិភពលោក៕

(ប្រភព៖ Sputnik បកប្រែដោយលោក យា​ ចិន្តាខន្តី)