ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០៤,០២,២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយសារតែកម្ពុជា ជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហពន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ ខាង នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។
សម្តេចបានបន្តទៀតថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នា ជូនប្រជាជនគ្រប់រូបនូវផ្លែផ្កា នៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍន៍ធនធានមនុស្សឲ្យក្លាយទៅជាធនធាន ដែលមានសក្តានុពលមិនចេះរីងស្ងួត។ ហើយចាប់តាំងពីកម្ពុជា ទទួលបាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។ ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើវិសយអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាព សម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិសយរយៈពេលវែងរបស់កម្ពុជា។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិសយអប់រំ ជាវិសយដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិសយនេះបន្ថែមទៀត ជាបន្តបន្ទាប់។ ថវិកាចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេស នៅតាមវិទ្យាលយចំណេះទូទៅ និងបច្ចេកទេសការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។
សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍន៍កម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជា ឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាព ក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ និងដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង៕