ប្រទេសម៉ាឡេស៊ី និងថៃ បញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រទេសម៉ាឡេស៊ីបានបញ្ជូនជើងហោះហើរ AirAsia ទៅកាន់ទីក្រុង Wuhan របស់ប្រទេសចិន ដើម្បីនាំយកប្រជាជន ១៤១នាក់ ទៅស្រុកកំណើតវិញ នឹងបានបរិច្ចាគស្រោមដៃចំនួន ៥០០.០០០គូទៅប្រទេសចិន ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ីបានឱ្យដឹងថា អ្នកដំណើរទាំងអស់រួមមាននាវិក ១២នាក់ និងមន្ត្រីរដ្ឋាភិបាល ១៤នាក់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅពេលវិលត្រឡប់ទៅផ្ទះវិញ។

អ្នកដែលត្រូវបានរកឃើញមានរោគសញ្ញានៃវីរុសនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ រីឯអ្នកដែលឆ្លងកាត់ការត្រួតពិនិត្យហើយ មិនឃើញមានរោគសញ្ញានឹងទៅមជ្ឈមណ្ឌលត្រួតពិនិត្យរយៈពេល ១៤ ថ្ងៃ។

គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ ប្រទេសម៉ាឡេស៊ីបានបញ្ជាក់អំពីករណីឆ្លងមរោគកូរ៉ូណា វីរុសចំនួន ៨ ករណី ដែលអ្នកទាំងអស់នោះជាភ្ញៀវទេសចរចិននៅក្នុងប្រទេស។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជម្លៀសពលរដ្ឋចំនួន ១៦០នាក់ ចេញពីទីក្រុងវូហាន នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។

រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ១៩ករណី។ បច្ចុប្បន្ន មានភ្ញៀវទេសចរចិនប្រមាណ ២០០.០០០នាក់កំពុងស្ថិតនៅក្នុងប្រទេសថៃ៕

(ប្រភព៖ VNA បកប្រែដោយលោក យា​ ចិន្តាខន្តី)