រដ្ឋបាលខេត្តសៀមរាប ត្រៀមរៀបចំពិធីបុណ្យមាឃបូជា

វិទ្យុឃជាតិកម្ពុជា៖លោកស្រី ធីណា ឌីណេ ០៤,០២,២០២០


រដ្ឋបាលខេត្តសៀមរាប ត្រៀមរៀបចំពិធីបុណ្យមាឃបូជាក្នុងរយះពេលដ៏ខ្លីខាងមុខនេះ ដើម្បីធ្វើឲ្យពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន។
យោងតាមសេចក្តីប្រកាសព៍ត៌មាន របស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ពិធីបុណ្យមាឃបូជា នឹងប្រព្រឹត្តទៅរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២០ ខាងមុខនេះ ដូច្នេះដើម្បីញ៉ាំងឱ្យពិធីដ៏មង្គលនេះ ប្រព្រឹត្តទៅបានយ៉ាងមហាឡារិក គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ត្រូវចងបដាពាក្យស្លាក ទង់ជាតិ ទង់ក្អែប ដើម្បីអបអរពិធីបុណ្យ។
ឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាបជំរុញឲ្យមន្ទីរពត៌មានត្រូវណែនាំបណ្តាវិទ្យុ ទូរទស្សន៍ក្នុងខេត្ត ធ្វើការផ្សព្វផ្សាយ អំពីប្រវត្តនៃពិធីបុណ្យមាឃបូជានេះ ឱ្យបានទូលំទូលាយសក្តិសម ជាទិវាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿង។ ជាមួយគ្នានេះ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការណែនាំដល់គ្រប់វត្តអារាម ដោយត្រូវចាត់តាំងឲ្យមានការរៀបចំពិធីបុណ្យមាឃបូជា។ ឯកឧត្តម បានបន្តថា រដ្ឋបាលក្រុង- ស្រុក ត្រូវធ្វើការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ផ្សព្វផ្សាយដល់រោងចក្រ សហគ្រាស គ្រឹះស្ថានក្រុមហ៊ុនឯកជន ឲ្យចងទង់ជាតិ និងបដាពាក្យស្លោក ព្រមទាំងបំផុសផុលប្រជាពលរដ្ឋ ឱ្យចងទង់ជាតិគ្រប់គេហដ្ឋានឲ្យបាន ព្រមៗគ្នា។ ដោយឡែក ស្នងការរដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាប ត្រូវសហការ ការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ និងចរាចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋដែលបានមកចូលរួមពិធីបុណ្យ មានសេចក្កីជ្រះថ្លា និងអារម្មណ៍សប្បាយរីករាយ។
រដ្ឋបាលខេត្ត ជឿជាក់ថា គ្រប់អង្គភាព រដ្ឋបាលក្រុង -ស្រុកទាំងអស់ និងចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕